
បើយោងតាមការសិក្សាថ្មីមួយ បានឲ្យដឹងថា ទឹកដបធម្មតាមួយលីត្រមានបំណែកប្លាស្ទិកប្រហែល ២៤០.០០០បំណែកជាមធ្យម។ អ្នកស្រាវជ្រាវបានកំណត់ថា ភាគច្រើននៃភាគល្អិតទាំងនោះ កាលពីមុន បានរលាយបាត់ដោយមិលមិនឃើញ ដោយលើកឡើងថា កង្វល់សុខភាព ដែលទាក់ទងនឹងការបំពុលប្លាស្ទិក អាចនឹងត្រូវបានគេវាយតម្លៃខុសខ្លាំង។
ការសិក្សាដែលត្រូវបានពិនិត្យដោយអ្នកមានចំណេះដឹងកម្រិតស្មើគ្នាដែរនោះ ត្រូវបានចុះផ្សាយ កាលពីថ្ងៃចន្ទ (ទី៨ ខែមករា» ក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រ Proceedings of the National Academy of Sciences (ដំណើរការនៃស្ថាប័នវិទ្យាសាស្ត្រាជាតិ)។ នេះគឺជាលើកដំបូង ដែលមានការវាយតម្លៃពីទឹកដប សម្រាប់វត្តមានរបស់សារធាតុ «Nanoplastics» (ណាណូប្លាស្ទិក) ជាភាគល្អិតប្លាស្ទិក ដែលមានប្រវែងក្រោមមួយមីក្រូម៉ែត្រ ឬ ១ភាគ៧០ នៃទទឹងសរសៃសក់របស់មនុស្ស។
ការសន្និដ្ឋានបង្ហាញថា ទឹកដបអាចមានភាគល្អិតប្លាស្ទិករហូតដល់ ១០០ដងច្រើនជាងការប៉ាន់ស្មានកាលពីមុន ព្រោះការសិក្សាពីមុនគិតតែពីមីក្រូប្លាស្ទិក ឬភាគល្អិតចន្លោះពី ១ ទៅ ៥.០០០មីក្រូម៉ែត្រប៉ុណ្ណោះ។ សារធាតុណាណូប្លាស្ទិកបង្កការគំរាមកំហែងខ្លាំងដល់សុខភាពមនុស្សជាងមីក្រូប្លាស្ទិក ព្រោះវាមានទំហំតូចល្មម អាចជ្រាបចូលទៅក្នុងកោសិកាមនុស្ស ចូលទៅក្នុងចរន្តឈាម និងប៉ះពាល់ដល់សរីរាង្គផ្សេងៗ។ សារធាតុនោះក៏អាចឆ្លងកាត់សុកទៅកាន់រាងកាយរបស់ទារក ដែលមិនទាន់កើតផងដែរ។
បណ្ដាអ្នកវិទ្យាសាស្ត្របានសង្ស័យជាយូរមកហើយពីវត្តមានរបស់ភាគល្អិតនេះនៅក្នុងទឹកដប ប៉ុន្តែខ្វះបច្ចេកវិទ្យា ដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុណាណូដោយផ្ទាល់៕