
ព្យុះផ្គររន្ទះដែលបង្កការបំផ្លិចបំផ្លាញ នៅអាមេរិកខាងជើង និងអឺរ៉ុប ព្រមទាំងគ្រោះរញ្ជួយដីយ៉ាងអាក្រក់ធ្ងន់ធ្ងរជាបន្តបន្ទាប់កាលពីឆ្នាំមុន បានធ្វើឲ្យពិភពលោកមានការខូចខាត ក្នុងទំហំទឹកប្រាក់ប្រហែល ២៥០ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនធានារ៉ាប់រងធំជាងគេបំផុតរបស់ពិភពលោក។
ក្នុងរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃអង្គារ (ទី៩ ខែមករា) នេះ ក្រុមហ៊ុនធានារ៉ាប់រងបន្តដ៏ធំបំផុត Munich Re របស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ ក្នុងឆ្នាំ២០២៣ បណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចពិភពលោកប្រហាក់ប្រហែលនឹងឆ្នាំមុន ខណៈដែលការខាតបង់ធានារ៉ាប់រង សម្រាប់ឆ្នាំនេះ មានចំនួន ៩៥ពាន់លានដុល្លារ (ធ្លាក់ចុះពី ១២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២)។
ក្រុមហ៊ុន Munich Re បានឲ្យដឹងថា តួលេខនេះត្រូវបានកំណត់លក្ខណៈដោយព្យុះមានឥទ្ធិពលខ្លាំងក្លា ក្នុងតំបន់មួយចំនួនធំ ដោយកត់សម្គាល់ថា ទ្រព្យសម្បត្តិប្រហែល ៦៦ពាន់លានដុល្លារ ត្រូវបានបំផ្លាញដោយព្យុះផ្គររន្ទះ នៅអាមេរិកខាងជើងកាលពីឆ្នាំមុន ដែលក្នុងនោះ ៥០ពាន់លានដុល្លារ ត្រូវបានធានារ៉ាប់រង។ នៅតំបន់អឺរ៉ុប ការខាតបង់ដោយសារព្យុះផ្គររន្ទះ មានចំនួន ១០ពាន់លានដុល្លារ ដែលក្នុងនោះ ៨ពាន់លានដុល្លារ ត្រូវបានធានារ៉ាប់រង។
ក្រុមហ៊ុននេះបានប្រាប់ថា ការខាតបង់ដោយសារព្យុះផ្គររន្ទះខ្លាំងបែបនេះ គឺមិនធ្លាប់មានពីមុនមក សម្រាប់សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនបានព្រមានថា ស្ថិតិការបាត់បង់ពីព្យុះផ្គររន្ទះ ដែលជួនកាលត្រូវបានគេហៅថា «គ្រោះថ្នាក់បន្ទាប់បន្សំ» ឬព្រឹត្តិការណ៍តូចជាងដល់កម្រិតមធ្យមនោះ ទំនងជាមាននិន្នាការកើនឡើងខ្ពស់ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ វិបត្តិអាកាសធាតុកំពុងធ្វើឲ្យអាកាសធាតុមានសភាពធ្ងន់ធ្ងរកាន់តែញឹកញាប់ និងកាន់តែខ្លាំងជាងមុន។
ក្រុមហ៊ុន Munich Re បាននិយាយថា ខណៈដែលការខាតបង់សេដ្ឋកិច្ច និងធានារ៉ាប់រង ចាប់ពីឆ្នាំ២០២៣ ប្រហែលជាមិនមានលក្ខណៈធំធេង ក៏វាជាឆ្នាំមួយទៀតនៃការខូចខាត «ខ្ពស់ខ្លាំង» ទោះបីជាមិនមានអ្វីដែលគេហៅថា គ្រោះមហន្តរាយធ្ងន់ធ្ងរ នៅក្នុងបណ្ដាប្រទេសឧស្សាហកម្មក៏ដោយ៕