
សមាជិកគ្រួសាររបស់ចំណាប់ថ្នូរដែលក្រុមហាម៉ាសកំពុងឃុំខ្លួនក្នុងតំបន់ហ្កាហ្សានៅឡើយនោះ បាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃអង្គារនេះ ដើម្បីតវ៉ាទៅនឹងការផ្ដល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា។
អ្នកតវ៉ាប្រមាណជា៣០នាក់ ដែលបានព្យាយាមរារាំងរថយន្ដដឹកជំនួយចូលក្នុងតំបន់ហ្កាហ្សា ត្រូវបានសមត្ថកិច្ចបញ្ឈប់នៅលើផ្លូវឆ្ពោះទៅកាន់តំបន់ឆ្លងកាត់កេរ៉ែម សាឡុម (Kerem Ahalom)។
ចំណាប់ថ្នូរជាង១៣០នាក់ នៅតែស្ថិតក្នុងតំបន់ហ្កាហ្សានៅឡើយ ភាគច្រើនត្រូវគេជឿថា កំពុងស្ថិតក្នុងដៃ ក្រុមហាម៉ាស បន្ទាប់ពីបានដោះលែងជាង១០០នាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលខ្លីកាលពីខែវិច្ឆិកាឆ្នាំមុន។
អ៊ីស្រាអែលនិយាយថា ខ្លួននឹង បង្កើនការដាក់សម្ពាធតាមរយៈការវាយលុកកម្ទេចសមត្ថភាពយោធាក្នុងតំបន់ហ្កាហ្សារហូតទាល់តែក្រុមហាម៉ាសត្រូវបានបោសសម្អាតអស់ និងចំណាប់ថ្នូរទាំងអស់ ត្រូវបានរំដោះលែងមកវិញ ហើយជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ នឹងមិនមានការគំរាមកំហែងផ្នែកសន្ដិសុខតទៅទៀតឡើយ។ ចំណែកក្រុមហាម៉ាស បាននិយាយថា ខ្លួននឹងមិនដោះលែងចំណាប់ថ្នូរថែមទៀតទេ រហូតទាល់តែអ៊ីស្រាអែលបញ្ឈប់សង្រ្គាម៕