
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu និយាយនៅថ្ងៃអង្គារនេះថា ការរក្សាការត្រៀមខ្លួនប្រយុទ្ធខ្ពស់របស់អាវុធនុយក្លេអ៊ែរទាំង ៣របស់រុស្ស៊ី គឺជាគោលដៅសំខាន់សម្រាប់ប្រទេសមួយនេះ ។
លោក Shoigu បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងជំនួបក្រុមមន្រ្តីក្រសួងការពារជាតិកំពូលៗ និងក្រុមមេបញ្ជាការយោធារបស់រុស្ស៊ី ជាលើកដំបូងក្នុងឆ្នាំ ២០២៤ ។
កាលពីខែធ្នូ ឆ្នាំ ២០២៣កន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា តួនាទីរបស់អាវុធនុយក្លេអ៊ែរទាំង ៣របស់រុស្ស៊ី បានកើនឡើង ស្របពេលរុស្ស៊ីប្រឈមហានិភ័យថ្មីផ្នែកនយោបាយ និងយោធា ។
ខណៈពេលនោះដែរ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជំរុញឲ្យសមាជិកសហភាពអឺរ៉ុបផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែន នៅឆ្នាំនេះ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ី ។
លោក Scholz បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីលុចសំបួ លោក Luc Frieden នៅទីក្រុងប៊ែរឡាំងថា ការប្រគល់អាវុធទៅឲ្យអ៊ុយក្រែនដែលបានគ្រោងទុក រហូតមកទល់ពេលនេះដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើន គឺតិចតួចពេក ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងសហភាពអឺរ៉ុបឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងនាមអ៊ុយក្រែន ៕