
អំឡុងទស្សនកិច្ច នៅប្រទេសអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារ (ទី៩ ខែមករា) បាននិយាយថា សហគមន៍អន្តរជាតិមានកាតព្វកិច្ចរៀបចំសន្តិសុខ នៅតំបន់ហ្កាហ្សា បន្ទាប់ពីបញ្ចប់សង្គ្រាម ហើយអាជ្ញាធរប៉ាឡេស្ទីនដែលត្រូវបានកែទម្រង់ ត្រូវតែដើរតួនាទីសំខាន់ នាពេលអនាគត។
លោកស្រី Annalena Baerbock របស់ប្រទេសអាល្លឺម៉ង់ បានប្រាប់សារយកព័ត៌មានថា៖ «ប្រទេសអេហ្ស៊ីប និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាថា តំបន់ហ្កាហ្សា និងវ៉េសប៊ែង ជាកម្មសិទ្ធិរបស់ប៉ាឡេស្ទីន»។
សម្ពាធកំពុងកើនឡើងលើអ៊ីស្រាអែលពីសំណាក់សហរដ្ឋអាមេរិក និងមហាអំណាចមជ្ឈិមបូព៌ា ដើម្បីឲ្យបន្ធូរបន្ថយការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
ទោះបីប្រទេសអាល្លឺម៉ង់ គឺជាសម្ព័ន្ធមិត្តមួយ ក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតយ៉ាងយូរអង្វែងរបស់អ៊ីស្រាអែល ជាកេរដំណែលនៃមហាមហន្តរាយ ដែលក្រុមណាហ្ស៊ីអាល្លឺម៉ង់ជាអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់លើជនជាតិជ្វីហ្វប្រហែល ៦លាននាក់នោះក៏ដោយ ក៏ទីក្រុងប៊ែរឡាំងបានអំពាវនាវឲ្យមានការសម្រាលការឈឺចាប់របស់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
លោកស្រី Baerbock បាននិយាយថា ប្រជាជនប៉ាឡេស្ទីន មិនគួរជួបនឹងការនិរាសព្រាត់ប្រាស់នោះទេ។ លោកស្រីបានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអេហ្ស៊ីបរបស់លោកស្រីថា៖ «យើងត្រូវមានវិធានការជាក់ស្តែង នៅថ្ងៃនេះ និងឥឡូវនេះ។ យើងត្រូវធ្វើឲ្យប្រាកដថា ជំនួយកំពុងធ្លាក់ទៅដល់ដៃប្រជាជន នៅតំបន់ហ្កាហ្សា»៕