
វិមានក្រឹមឡាំងនៅថ្ងៃអង្គារនេះ មិនព្រមធ្វើអត្ថាធិប្បាយលើការអះអាងរបស់អាមេរិកនិងអ៊ុយក្រែនដែលថា ក្រុងមូស្គូ បានបាញ់មីស៊ីលរបស់កូរ៉េខាងជើងទៅលើគោលដៅនានារបស់អ៊ុយក្រែន ប៉ុន្ដែខ្លួនថែមទាំងចោទក្រុងគីវថា កំពុងប្រើប្រាស់មីស៊ីលដែលផលិតដោយបស្ចឹមប្រទេសដើម្បីវាយប្រហារគោលដៅជាច្រើនរបស់រុស្ស៊ី។
កាលពីសប្ដាហ៍មុន សេតវិមាន បាននិយាយថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទីក(SRBMs)រយៈចម្ងាយខ្លីដែលមានប្រភពពីកូរេខាងជើង ដើម្បីវាយប្រហាលើអ៊ុយក្រែនដោយសំអាងដល់ប្រភពចារកម្មកាលពីថ្មីៗនេះ។
ទាំងក្រុងមូស្គូនិងក្រុងព្យុងយ៉ាងបានខិតចូលកាន់ជិតគ្នាចាប់តាំងពីការចាប់ផ្ដើមជម្លោះក្នុងប្រទេសអ៊ុយក្រែនមក ទោះបីជាប្រទេសទាំងពីរ បានបដិសេធន៍ពីចុះកិច្ចព្រមព្រៀងទិញ-លក់អាវុធ។
នៅក្នុងអំឡុងពេលទូរស័ព្ទជាមួយអ្នកយកពត៌មានដែលបានចោទសួរអំពីការចោទប្រកាន់របស់អាមេរិក និងអ៊ុយក្រែននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រីប៉េសកូវ បាននិយាយថា លោកពុំមានយោបល់ទេ។
លោកប៉េសកូវ បានបន្ថែមថា អ៊ុយក្រែននៅតែវាយប្រហារគោលដៅស៊ីវិលម្ដងហើយម្ដងទៀតនៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលដែលផលិតដោយប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។
ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី បានរាយការណ៍ថា អ៊ុយក្រែន បានវាយប្រហារក្រុងបេលហ្គូរ៉ូតរបស់រុស្ស៊ី ដែលជាប់ព្រំដែន កាលពីថ្ងៃទី៣០ធ្នូ ដោយបានសម្លាប់មនុស្សជាង២០នាក់ ក្នុងនោះរួមមានក្មេងពីរនាក់ និងមនុស្ស១១១នាក់ទៀត បានរងរបួស។
តំបន់បេលហ្គូរ៉ូតដែលជាប់នឹងប្រទេសអ៊ុយក្រែនភាគខាងជើង ក៏ដូចជាតំបន់ព្រំដែនរុស្ស៊ីដទៃទៀត បានទទួលរងការវាយប្រហារដោយកាំភ្លើងផ្លោងនិងការវាយប្រហារដោយយានដ្រូនពេញ១ឆ្នាំដែលក្រុមអាជ្ញាធរបានស្ដីបន្ទោសតែទៅលើអ៊ុយក្រែន ទោះបីជាមិនមានទំហំនៃការវាយប្រហារបែននេះពីមុនមក
ក៏ដោយ៕