អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៩ ខែមករា នូវសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងដៃគូ ដែលប្រឆាំងការផ្ទេរអាវុធរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី រួមទាំងការទិញមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង និងការប្រើប្រាស់មីស៊ីលរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែនកាលពីថ្ងៃទី ៣០ ខែធ្នូ និងថ្ងៃទី ២ ខែមករា។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប អូស្ត្រាលី អាល្លឺម៉ង់ កាណាដា និងប្រទេសជាដៃគូផ្សេងទៀត។ ទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានខិតកាន់តែជិតគ្នា ចាប់តាំងពីការចាប់ផ្តើមជម្លោះអ៊ុយក្រែន ទោះបីជាពួកគេបានបដិសេធមិនបង្កើតកិច្ចព្រមព្រៀងសព្វាវុធណាមួយក៏ដោយ។
មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី កាលពីខែកញ្ញាឆ្នាំមុន ហើយមន្ត្រីជាន់ខ្ពស់រុស្ស៊ីបានធ្វើទស្សនកិច្ចជាច្រើនលើកទៅកាន់ទីក្រុងព្យុងយ៉ាង។
ដោយលើកឡើងពីការស៊ើបការណ៍សម្ងាត់បំផុតថ្មី បានឲ្យដឹងថា កាលពីសប្តាហ៍មុន សេតវិមានបាននិយាយថា ប្រទេសរុស្ស៊ី បានប្រើប្រាស់មីស៊ីលបាលីស្ទីករយៈចម្ងាយជិត (SRBM) ដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើង ដើម្បីធ្វើការវាយប្រហារជាច្រើនលើកទៅលើប្រទេសអ៊ុយក្រែន ។ ក្រោយមក មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានបញ្ជាក់ពីការអះអាងនេះ៕
