មេបញ្ជាការជាន់ខ្ពស់ហេសបូឡា បាននិយាយថា អង្គការភេរវកម្មនេះ មិនចង់ឲ្យមានសង្រ្គាមពង្រីកជាមួយអ៊ីស្រាអែលទេ កាលពីថ្ងៃអង្គារ ជាថ្ងៃដែលខ្លួន បានបើកការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងមូលដ្ឋានកងទ័ពអ៊ីស្រាអែល។
ក្រុមហេសបូឡា ដែលជាក្រុមគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ការវាយប្រហារកាលពីថ្ងៃអង្គារ គឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់លោក Wissam al-Tawil ដែលបានបញ្ជាឲ្យកងកម្លាំង Radwan របស់ក្រុមហេសបូឡា។

មេដឹកនាំរងក្រុមហេសបូឡា លោក Naim Qassem បានបញ្ចេញសុន្ទរកថាតាមទូរទស្សន៍ដោយបញ្ជាក់ថា ក្រុមរបស់ខ្លួន មិនស្វែងរកសង្រ្គាមពេញទំហឹងជាមួយអ៊ីស្រាអែលទេ ប៉ុន្តែប្រសិនបើអ៊ីស្រាអែលពង្រីកវានោះ ការឆ្លើយតប គឺជៀសមិនរួចក្នុងកម្រិតអតិបរមា ដែលត្រូវការ ដើម្បីរារាំងអ៊ីស្រាអែល។

រដ្ឋបាលរបស់ប្រធានាធិបតីលោកបៃដិន បានព្យាយាមរារាំងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស មិនឲ្យផ្ទុះឡើងជាជម្លោះក្នុងតំបន់ទេ។ យ៉ាងណាក៏ដោយ ក្រុមភេរវកម្មតំណាងរបស់អ៊ីរ៉ង់ បានធ្វើការវាយប្រហារជាង ១០០លើកលើគោលដៅរបស់អាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីខែតុលាមក។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកនឹងធ្វើ «អ្វីមួយ» ដើម្បីនាំយកមកវិញនូវសន្តិសុខសម្រាប់អ៊ីស្រាអែល៕
