សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) មិនបានដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក ឡយដ៍ អស្ទីន (Lloyd Austin) មានជំងឺមហារីកក្រពេញប្រូស្តាតនោះទេ រហូតដល់ថ្ងៃអង្គារ (០៩ មករា) ប៉ុន្មាននាទីបន្ទាប់ពីជំងឺនោះត្រូវបានបង្ហាញជាសាធារណៈ រួមជាមួយនឹងការឆ្លងដែលត្រូវបានរក្សាទុកជាការសម្ងាត់ផងដែរ។

លោក អស្ទីន ដែលមានវ័យ ៧០ឆ្នាំ ត្រូវបានសម្រាកនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី០១ ខែមករា មកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ វ៉លធើ រីដ (Walter Reed) ដោយនោះជាការពិតដែលមន្ទីរបញ្ចកោណបានរក្សាទុកមិនឲ្យសាធារណជន សេតវិមាន និងសភាបានដឹងអស់រយៈពេលជាច្រើនសប្តាហ៍មុន ដែលបង្កឱ្យមានប្រតិកម្មនយោបាយដ៏ធំមួយ។

អនុប្រធានផ្ទាល់របស់លោក អស្ទីន គឺលោកស្រី ខាត់លីន ហីកស៍ (Kathleen Hicks) ក៏មិនត្រូវបានប្រាប់ឲ្យដឹងអស់ពេលជាច្រើនថ្ងៃដែរ សូម្បីតែបន្ទាប់ពីលោកស្រីត្រូវបានគេប្រាប់ក្នុងអំឡុងពេលវិស្សមកាលនៅដែនដី ពើតូ តីកូ (Puerto Rico) ឱ្យបំពេញភារកិច្ចមួយចំនួនរបស់លោក អស្ទីន នៅថ្ងៃទី០២ ខែមករា។

លោក អស្ទីន និងលោក បៃដិន បានជួបនិយាយគ្នាកាលពីថ្ងៃសៅរ៍ ប៉ុន្តែគេមិនច្បាស់ទេថាហេតុអ្វីបានជាលោក បៃដិន មិនបានដឹងរហូតដល់ថ្ងៃអង្គារអំពីជំងឺមហារីកក្រពេញប្រូស្តាតរបស់លោក អស្ទីន។
ប្រមុខមន្ទីរបញ្ចកោនរូបនេះត្រូវបានគេដឹកតាមរថយន្តគិលានសង្គ្រោះនៅថ្ងៃទី០១ ខែមករា ទៅមន្ទីរពេទ្យយោធា វ៉លធើ រីដ បន្ទាប់ពីទទួលរងផលវិបាកពីការព្យាបាលមហារីកក្រពេញប្រូស្តាតនៅថ្ងៃទី២២ ខែធ្នូ ដោយរួមមានអាការៈក្អួតចង្អោរ ឈឺពោះខ្លាំង ចុកត្រគាក និងឈឺជើង។ បន្ទាប់ពីលោកត្រូវបានគេរកឃើញថាមានការឆ្លងមេរោគផ្លូវបង្ហូរនោម លោក អស្ទីន ត្រូវបានគេផ្លាស់នៅថ្ងៃទី០២ ខែមករា ទៅកាន់បន្ទប់ថែទាំសុខភាពដែលកាន់តែដិតដល់ជាងមុន៕