ប្រភពសន្តិសុខអេហ្ស៊ីបចំនួនបីបាននិយាយថា អេហ្ស៊ីបបានច្រានចោលសំណើរបស់អ៊ីស្រាអែលសម្រាប់ការត្រួតពិនិត្យកាន់តែខ្លាំងរបស់អ៊ីស្រាអែល លើតំបន់ទ្រនាប់នៅព្រំដែនអេហ្ស៊ីប-ហ្កាហ្សា ហើយកំពុងផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្វះស្វែងរកបទឈប់បាញ់មួយ មុនពេលធ្វើការលើការរៀបចំក្រោយសង្គ្រាម។

អេហ្ស៊ីបមានព្រំដែន ១៣គីឡូម៉ែត្រ ជាមួយតំបន់ហ្កាហ្សា ដោយជាព្រំដែនតែមួយគត់នៃតំបន់ឆ្នេរហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ ដែលមិនត្រូវបានគ្រប់គ្រងដោយផ្ទាល់ពីអ៊ីស្រាអែល។ រួមជាមួយប្រទេសកាតា ប្រទេសអេហ្ស៊ីបក៏បានដើរតួនាទីឈានមុខគេក្នុងកិច្ចពិភាក្សាដើម្បីសម្របសម្រួលបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា និងធានាបាននូវកិច្ចព្រមព្រៀងសម្រាប់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស។

ប្រភពរបស់អេហ្ស៊ីបនោះបាននិយាយថា ក្នុងអំឡុងពេលកិច្ចចរចាទាំងនោះ អ៊ីស្រាអែលបានស្នើទៅកាន់ប្រទេសអេហ្ស៊ីប អំពីការធានាសុវត្ថិភាពច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) ដែលជាតំបន់ទ្រនាប់តូចចង្អៀតនៅតាមព្រំដែន ដែលជាផ្នែកនៃផែនការរបស់អ៊ីស្រាអែល ដើម្បីការពារការវាយប្រហារនាពេលអនាគត។

ប្រភពអេហ្ស៊ីបដដែលនោះបាននិយាយថា ក្រុមមន្ត្រីអ៊ីស្រាអែលមិនបានពិភាក្សាអំពីការគ្រប់គ្រងច្រករបៀងក្នុងអំឡុងពេលកិច្ចចរចាបទឈប់បាញ់បច្ចុប្បន្នទេ ប៉ុន្តែផ្ទុយទៅវិញបានស្នើសុំចូលរួមក្នុងការត្រួតពិនិត្យតំបន់នេះ រួមទាំងតាមរយៈការចែករំលែកការប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យថ្មីដែលអ៊ីស្រាអែលនឹងទទួល។ ប្រភពនោះបានបន្ថែមថា ក្រុមអ្នកចរចាអេហ្ស៊ីបបានច្រានចោលគំនិតនេះ ប៉ុន្តែអេហ្ស៊ីបបានពង្រឹងរបាំងនៅម្ខាងនៃព្រំដែនរបស់ខ្លួន៕