វិមានក្រឹមឡាំង បានប្តេជ្ញាថា នឹងធ្វើ «អ្វីគ្រប់យ៉ាង» ដែលវាអាចធ្វើទៅបាន ដើម្បីបញ្ឈប់ការវាយប្រហារញឹកញាប់កាន់តែខ្លាំងឡើងរបស់អ៊ុយក្រែន ទៅលើទីក្រុងព្រំដែនបែលហ្គោរូដ(Belgorod)។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានសម្លាប់ និងធ្វើឲ្យអ្នកស្រុករាប់សិបនាក់ រងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនម្តងហើយម្តងទៀតលើទីក្រុងនេះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា៖«ជាការពិតណាស់ យោធារបស់យើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាមុន ហើយបន្ទាប់មកលុបបំបាត់វាទាំងស្រុង។

លោក Vyacheslav Gladkov អភិបាលតំបន់ បាននិយាយថា មីស៊ីល១០គ្រាប់ត្រូវបានបាញ់ទៅលើទីក្រុងបែលហ្គោរូដ ដែលមានចម្ងាយតែ២០ម៉ាយ ក្នុងប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃចន្ទ បានបណ្តាលឲ្យជនស៊ីវិលបីនាក់ រងរបួសធ្ងន់ធ្ងរ។

ការវាយប្រហាររបស់អ៊ុយក្រែនដែលសម្លាប់មនុស្សច្រើនបំផុតមកលើទីក្រុងនេះ បានកើតឡើង នៅថ្ងៃទី ៣០ ខែធ្នូ ដែលមនុស្ស ២៥នាក់ បានស្លាប់ និងជាង ១០០នាក់ បានរងរបួស។
លោក Peskov បានចោទប្រកាន់អ៊ុយក្រែនថា មានចេតនាកំណត់គោលដៅលើជនស៊ីវិល នៅកណ្តាលទីក្រុងដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយសម្ព័ន្ធមិត្តលោកខាងលិច។