ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េលិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (០៩ មករា) ថាមាន «"សញ្ញាច្បាស់លាស់នៃការធ្លាក់ចុះ» នៅក្នុងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតដើម្បីលុបបំបាត់ចន្លោះប្រហោងនៅក្នុងទណ្ឌកម្មដែលដាក់លើទីក្រុងមូស្គូ។

លោក ហ្ស៊េលិនស្គី ដែលបាននិយាយនៅក្នុងវីដេអូនៅពេលយប់របស់ខ្លួន មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់លោកលើស្ថានភាពនៃឧស្សាហកម្មការពារជាតិរុស្ស៊ីនោះទេ ខណៈក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា ការផលិតឧបករណ៍យោធាត្រូវបានបង្កើនឡើង។

លោក ហ្ស៊េលិនស្គី បាននិយាយថា «មានសញ្ញាច្បាស់លាស់នៃការធ្លាក់ចុះនៅក្នុងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។ ប៉ុន្តែដើម្បីឱ្យលទ្ធផលនៃទណ្ឌកម្មឈានដល់ ១០០% នោះចន្លោះប្រហោងនៃទណ្ឌកម្មក៏ត្រូវតែត្រូវបានបិទឲ្យជិត ១០០% ដែរ»។

នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយថា កិច្ចប្រជុំនៃមេបញ្ជាការ និងមន្ត្រីក្រសួងបានពិចារណាលើការផ្គត់ផ្គង់អាវុធ និងការជំរុញផលិតកម្មក្នុងស្រុក ហើយភស្តុភារត្រូវតែពន្លឿនបន្ថែមទៀត។ ក្រុមអាជ្ញាធរបានសន្មតថាចំនួនដ៏ច្រើននៃមីស៊ីលផ្លោងដែលបាញ់ដោយរុស្ស៊ី មានការពិបាកក្នុងការស្ទាក់ចាប់កាន់តែខ្លាំង៕