ភ្នំពេញ៖ ថ្ងៃទី២៣ មិថុនានេះ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំប្រតិភូ ចុះពិនិត្យមើលវឌ្ឍនភាពកាងាររបស់មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ បានឆ្លៀតឱកាសសាកសួរសុខទុក្ខ និងនាំយកអំណោយមានអង្ករ ២៥០គីឡូ មី ២០កេស ទឹកបរិសុទ្ធ ២០កេស អាល់កុល ៣កាន និងថវិកា ៤លានរៀល ប្រគល់ជូនដល់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដើម្បីទុកសម្រាប់ដោះស្រាយជីវភាព ក្នុងកំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវី-ដ១៩។
លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរាយការណ៍ពីស្ថានភាពការងារទូទៅរបស់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ស្ថិតក្នុងបរិបទទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបន្តការងារជំនាញក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ថែមថា មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់គ្រប់ៗគ្នា។
ដោយឡែកនារយៈពេលកន្លងមក មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត បានចូលរួមចំណែកយ៉ាងសកម្មក្រោមការដឹកនាំពីរដ្ឋបាលខេត្តក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី និងសំដែងនូវការកោតសរសើរដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលបានខិតខំបំពេញការងារ តាមជំនាញទទួលបានលទ្ធផលល្អទោះបីស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩នេះដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការងារវិស័យសេដ្ឋកិច្ច និងសុខមាលភាពសង្គម និងបានចូលអនុវត្តន៍ការងារដោយមិនគិតពីភាពនឿយហត់ រួមជាមួយរដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំជំងឺកូវីដ-១៩។
ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ជាសកលមិនទាន់ថយចុះដូចជានៅកម្ពុជាយើងជំងឺកូវីដ១៩មានការឆ្លងរាលដាលគួរឱ្យព្រួយបារម្ភ ឯកឧត្ដមបានណែនាំមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តតាមវិធាន ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម សុខ ប្រសិទ្ធិ បានផ្ដាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវបន្តរក្សានិរន្តរភាពការងារជំនាញអោយបានល្អ និងត្រៀមលក្ខណៈជានិច្ចក្នុងការរង់ចាំទទួលបទបញ្ជាពីរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ៕ អត្ថបទ៖ មុត សុទ្ធ