រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកជឿថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃក្នុងសង្គ្រាមលើជនស៊ីវិលនៅតំបន់ហ្កាហ្សា ខ្ពស់ខ្លាំង។ លោក Blinken និយាយថា ការចោទប្រកាន់អំពើប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងទៅលើអ៊ីស្រាអែលគឺ «គ្មានប្រយោជន៍» ។

លោក Blinken បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបពិភាក្សានៅទីក្រុង Tel Aviv ជាមួយមេដឹកនាំអ៊ីស្រាអែល។ លោក Blinken និយាយថា ប្រជាជនប៉ាឡេស្ទីន ត្រូវតែអាចវិលត្រឡប់ទៅលំនៅឋានវិញ បានក្នុងពេលឆាប់តាមលក្ខខណ្ឌអនុញ្ញាត និងបានលើកឡើងពីកិច្ចព្រមព្រៀងស្តីពីផែនការសម្រាប់អង្គការសហប្រជាជាតិ ដើម្បីបំពេញបេសកកម្មវាយតម្លៃនៅតំបន់ហ្កាហ្សា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែល បញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈខ្លួនដាក់សម្ពាធលើសង្គ្រាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា និងបាននិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីន គឺជាគន្លឹះនៃដំណោះស្រាយរយៈពេលវែង។ លោក Blinken និយាយថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃលើជនស៊ីវិលនៅតំបន់ហ្កាហ្សា ជាពិសេសកុមារ គឺមានចំនួនខ្ពស់ខ្លាំង។
លោកបានប្រាប់នាយករដ្ឋមន្ត្រីថា សហរដ្ឋអាមេរិក បដិសេធដាច់ខាតរាល់សំណើដែលគាំទ្រសម្រាប់ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្កាហ្សា ហើយនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីដល់លោកថា នេះពុំមែនជាគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលនោះទេ។
យោងតាមក្រសួងការបរទេស បានឲ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Blinken បានធ្វើឡើងបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu និងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក ដែលក្នុងអំឡុងពេលនោះ លោកបានបញ្ជាក់លើសារៈសំខាន់នៃការបញ្ចៀសការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលបន្ថែមទៀត។
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ៊ុមព័ទ្ធមិនបានស្រាកស្រាននោះទេ ទោះបីជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បានប្រកាសពីដំណាក់កាលថ្មីនៃសង្រ្គាមដែលមានគោលដៅច្រើនជាងនេះក៏ដោយ។ ក្រុមគ្រួសារនៅតំបន់ហ្កាហ្សា បន្តប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យជារៀងរាល់ព្រឹក ដោយដឹកសាច់ញាតិដែលរងរបួសអំឡុងពេលការបំផ្ទុះគ្រាប់បែក។