ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍រាជធានីភ្នំពេញ និងបណ្តាមគ្គុទេសក៍ទេសចរណ៍ បានសហការគា្នពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អប្រសើរ ឲ្យភ្ញៀវទេសចរអន្តរជាតិស្រឡាញ់ពេញចិត្ត ក្រោយពីក្រសួងទេសចរណ៍បានជូនសេចក្ដីណែនាំស្តីពីការពង្រឹងការប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តជូនភ្ញៀវទេសចរអន្តរជាតិនានា។

លោក ឈុន សំណាង ប្រធានសមាគមន៍ទេសចរណ៍ប្រចាំរាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅថ្ងៃទី១០ ខែមករានេះថា មគ្គុទេសក៍ទេសចរណ៍ គឺជាអ្នកដឹកនាំភ្ញៀវ បកប្រែភាសាណែនាំដើរកម្សាន្តនៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ៗនានា ដែលមានក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួនច្បាស់លាស់ ហើយថា កន្លងមកយើងក៏បានណែនាំមគ្គុទេសក៍ទេសចរណ៍យើងទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈនេះ ដើម្បីបង្កើនភាពទាក់ទាញ និងការផ្តល់ក្តីស្រឡាញ់ពីភ្ញៀវ និងទាក់ទាញឲ្យគេមកទស្សនាកម្ពុជា ម្តងហើយចង់មកទស្សនាម្តងទៀត។

បណ្តាប្រតិបត្តិករមគ្គុទេសក៍ទេសចរណ៍ថ្លែងថា អំឡុងពេលទេសចរណ៍កម្ពុជា កំពុងងើបឡើងវិញជាបណ្តើរៗនេះ យើងទាំងអស់គ្នាជាមគ្គុទេសក៍ទេសចរណ៍មានអាជ្ញាបណ្ណត្រឹមត្រូវ គឺបានខិតខំគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លាំងណាស់ ពិព្រោះបើយើងមិនគោរព គឺធ្វើឲ្យប៉ះពាលខូចមាត់ប្រទេសជាតិ ខូចទេសចរណ៍របស់កម្ពុជា។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងថា ការងារមគ្គុទេសក៍ទេសចរណ៍បច្ចុប្បន្នមិនមានបាតុភាពអាក្រក់កើតឡើងនោះទេ ហើយការចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងការប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត គឺគ្រាន់តែការក្រើនរំលឹកឲ្យមគ្គុទេសក៍ទេសចរណ៍ខិតខំផ្តល់សេវាបដិសណ្ឋាកិច្ចល្អ ឲ្យភ្ញៀវស្រឡាញ់ចេញចិត្ត។

សូមបញ្ជាក់ថា នៅក្នុងសេចក្តីដំណឹងរបស់ក្រសួងទេសចរណ៍បានណែនាំមគ្គុទេសក៍ទេសចរណ៍ប្រតិបត្តិការងារ ៨ចំណុច ដែលមានដូចជា ណែនាំឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវទាមទារប្រាក់កំរៃក្រៅសេវាពីភ្ញៀវ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ មិនត្រូវដើរតួធ្វើជាការីទេសចរណ៍ ត្រូវផ្តល់ព័ត៌មានពិត និងត្រូវចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការទប់ស្កាត់បទល្មើសនានាក្នុងវិស័យទេសចរណ៍ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

