ពលរដ្ឋស៊ែរប៊ីបូសនី បានអបអរទិវាស្វ័យភាពនៅតំបន់ស្វយ័តរបស់ពួកគេ កាលពីថ្ងៃអង្គារ ដោយមានក្បួនព្យុហយាត្រារបស់កងកម្លាំងពិសេស និងយានរថពាសដែក ក្នុងការប្រឆាំងទៅនឹងការហាមឃាត់របស់តុលាការកំពូល និងការព្រមានពីអ្នកត្រួតពិនិត្យប្រទេសលោកខាងលិច អំពីសន្តិភាពដែលមានបញ្ហារបស់ប្រទេសបូសនី។

ក្នុងភាពត្រជាក់ខ្លាំងដល់កក មន្ត្រីនគរបាល អតីតយុទ្ធជនសម័យសង្គ្រាម និងជនស៊ីវិលប្រហែល ៣.៤០០នាក់ បានដើរដង្ហែរតាមដងផ្លូវនៅរដ្ឋធានី Banja Luka ក្នុងតំបន់ ដោយមនុស្សជាច្រើនបានធ្វើដំណើរតាមរថយន្តក្រុងមកពីទីក្រុងផ្សេងៗ។
លោក Milorad Dodik ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែរប៊ី បាននិយាយទៅកាន់ក្បួនព្យុហយាត្រាថា ប្រទេសមួយនេះ មិនអនុញ្ញាតឱ្យខ្លួនរស់នៅធ្វើជាទាសករនោះទេ។ នោះហើយជាមូលហេតុនៃការប្រារព្ធពិធីអបអរទិវា របស់សាធារណៈរដ្ឋ ដែលពុំអាចដាក់ឲ្យនៅក្រៅច្បាប់លើយ។
ថ្ងៃទី ៩ ខែមករា គឺជាកាលបរិច្ឆេទក្នុងឆ្នាំ ១៩៩២ នៅពេលដែលពលរដ្ឋបូសនីស៊ែរប៊ី បានប្រកាសឯករាជ្យ ខណៈក្រោយមកសហព័ន្ធយូហ្គោស្លាវី បានបែកបាក់ ដែលបានបង្កឱ្យមានសង្រ្គាមរយៈពេល៣ឆ្នាំកន្លះ បណ្តាលឲ្យមនុស្ស ១០០.០០០នាក់ត្រូវបានសម្លាប់ និង ២ លាននាក់គ្មានលំនៅឋានរស់នៅ ភាគច្រើនជាជនមូស្លីមបូសនី។

ចាប់តាំងពីថ្ងៃទី ៩ ខែមករា ស្របពេលជាមួយនឹងថ្ងៃឈប់សម្រាកគ្រិស្តសាសនានិកាយអូថូដុករបស់ជនជាតិស៊ែរប៊ី តុលាការធម្មនុញ្ញរបស់បូសនី បានប្រកាសពីរដងថាវាខុសច្បាប់ ដោយចេញសេចក្តីសម្រេចថា ខ្លួនមានការរើសអើងប្រឆាំងសហគមន៍កាតូលិកក្រូអាត និងមូស្លីមបូសនី។
ពិធីជាតិនិយមប្រចាំឆ្នាំរបស់សាថារណៈរដ្ឋស៊ែរបី បានបញ្ជាក់ពីការបែកបាក់ជនជាតិភាគតិច និងនយោបាយយ៉ាងជ្រៅ នៅក្នុងប្រទេសតំបន់បាល់កង់មួយនេះ។