
កំពត៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានចំនួន ១៧នាក់ (ស្រី ១១នាក់) ស្របពេលដែលមានអ្នកបានជាសះស្បើយពីជំងឺនេះចំនួន ៥០នាក់។
ហើយករណីអ្នកវិជ្ជមានទាំង ១៧នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលក្នុងខេត្តកំពត។ បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទាំង ៣០នាក់ខាងលើជាបន្តទៀត។ ចំណែកអ្នកដែលបានជាសះស្បើយទាំង ៥០នាក់ ក្រុមគ្រូពេទ្យ និងអាជ្ញាធរបានអនុញ្ញាតឱ្យវិលត្រលប់ទៅគេហដ្ឋានវិញ ហើយបន្តធ្វើចត្តាឡីស័ក និងតាមដានសុខភាពរយៈពេល ១៤ថ្ងៃបន្តទៀត។
អាជ្ញាធរខេត្តកំពត នៅតែអំពាវនាវឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមដោយស្ម័គ្រចិត្តក្នុងការយកសំណាកទៅពិនិត្យ ក្នុងករណីសង្ស័យថាមានរោគសញ្ញានៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គិតមកត្រឹមល្ងាចថ្ងៃទី២៣ ខែមិថុនានេះ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងខេត្តកំពត មានចំនួន ១១០៦នាក់ កំពុងសម្រាកព្យាបាល ចំនួន ៣៧១នាក់ និងអ្នកជាសះស្បើយចំនួន ៧២៤នាក់ និងមានអ្នកស្លាប់ចំនួន ១១នាក់៕