មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយកាលពីថ្ងៃពុធ (ទី១០ មករា) នេះថា លោកសង្ឃឹមថា ការវាយប្រហារដោយចាក់ដែលលោកបានទទួលរង អាចបង្ហាញពីការបញ្ចប់នៃ «នយោបាយស្អប់ខ្ពើម» នៅក្នុងប្រទេសនេះ។

លោកកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ជាកន្លែងដែលលោកបានជាសះស្បើយ តាំងពីការវាយប្រហារកាលពីសប្តាហ៍មុន នៅក្នុងទីក្រុងប៊ូសានភាគខាងត្បូង។

លោក Lee ដែលបានថ្លែងអំណរគុណបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ និងបានប្តេជ្ញាបម្រើប្រទេសរបស់ខ្លួន បាននិយាយថា៖«ខ្ញុំសង្ឃឹមថា ករណីនេះដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល អាចដើរតួជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីបញ្ចប់នយោបាយនៃការស្អប់ និងការប្រឈមមុខដាក់គ្នា និងស្តារនយោបាយត្រឹមត្រូវឡើងវិញ»។
ការវាយប្រហារនេះ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយថា ជា «អំពើភេរវកម្ម» និងជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យដោយប្រធានាធិបតីលោក Yoon Suk Yeol និងអ្នកនយោបាយមកពីទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
នគរបាល គ្រោងនឹងប្រកាសលទ្ធផលនៃការស៊ើបអង្កេតលើការវាយប្រហារនៅល្ងាចថ្ងៃពុធនេះ។ មុននេះ ជនជាប់ចោទបានប្រាប់អ្នកយកព័ត៌មានថា ខ្លួនមានការសោកស្តាយចំពោះការលទ្ធផលកើតចេញពីការវាយប្រហារនេះ ខណៈដែលខ្លួន កំពុងចាកចេញពីប៉ុស្តិ៍នគរបាល។
សមាជិកបីនាក់នៃគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំ បានប្រកាសថា ពួកគេនឹងចាកចេញពីគណបក្ស ដោយលើកឡើងពីការមិនចុះសម្រុងគ្នាលើការដឹកនាំរបស់លោក Lee ខណៈពេលដែលជូនពរគាត់ឲ្យឆាប់ជាសះស្បើយ៕