ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃអង្គារ ទី៩ ខែមករា។

លោកហ្សេឡិនស្គី បានសម្តែងការដឹងគុណចំពោះប្រទេសប៉ូឡូញសម្រាប់ការគាំទ្ររបស់ខ្លួនក្នុងការបើកការចរចាស្តីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប។ លោកប្រធានាធិបតីទាំងពីរ ក៏បានពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយរបស់សហភាពអឺរ៉ុបសម្រាប់ទីក្រុងគីវ ផងដែរ។

មេដឹកនាំទាំងពីរ ក៏បានពិភាក្សាលើបញ្ហាទ្វេភាគីផងដែរ។ ព្រំដែនរួមរបស់យើង គួរតែជាព្រំដែនអឺរ៉ុបពិតប្រាកដ គឺព្រំដែននៃឯកភាព។ លោកហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តីដោយការិយាល័យប្រធានាធិបតីថា មិនគួរមានព្រំដែនរវាងប្រជាជនរបស់យើងទេ ទោះបីជាការិយាល័យនេះ មិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។
ប្រធានាធិបតីទាំងពីររូប ក៏បានពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នាពេលខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងការចូលជាសមាជិករបស់ប៉ូឡូញចំពោះសេចក្តីប្រកាសរួមរបស់ក្រុមមេដឹកនាំG7ស្តីពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខសម្រាប់អ៊ុយក្រែន។
លោកហ្សេឡិនស្គី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី Duda សម្រាប់ការគាំទ្ររូបមន្តសន្តិភាព និងការចូលរួមរបស់អ្នកតំណាងប៉ូឡូញ នៅក្នុងកិច្ចប្រជុំនា ពេលខាងមុខ នៅកម្រិតទីប្រឹក្សារបស់មេដឹកនាំរដ្ឋនៅទីក្រុងDavos ប្រទេសស្វ៊ីស។