ប្រធានាធិបតីអេក្វាឌ័រ បានប្រកាសពី «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង» នៅរសៀលថ្ងៃអង្គារ (០៩ មករា) បន្ទាប់ពីខ្មាន់កាំភ្លើងជាច្រើននាក់បានសម្រុកចូលកាន់កាប់ទីតាំងសាធារណៈទូទាំងប្រទេស រួមទាំងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ដែលបង្ហាញរូបភាពដ៏គួរឲ្យភ័យខ្លាចរបស់ក្រុមបុរសពាក់ម៉ាស់ និងកាន់កាំភ្លើង។

កាមេរ៉ាថតបានបុរសពាក់អាវក្រណាត់ បង្ខំឱ្យបុគ្គលិករបស់ទូរទស្សន៍ ធីស៊ី (TC) ក្រាបលើដី ដោយផ្ចង់កាំភ្លើងដាក់អ្នកសារព័ត៌មាន ខណៈសំឡេងស្រែក និងសំឡេងកាំភ្លើងត្រូវបានលាន់ឮនៅផ្ទៃខាងក្រោយ។

វីដេអូនៃការសម្រុកចូលនោះបានចែករំលែកពេញអ៊ីនធឺណិត ហើយក្រុមអ្នកយកព័ត៌មានត្រូវបានចាប់ចំណាប់ខ្មាំងនៅខាងក្នុងស្ថានីយ៍ដែលមានមូលដ្ឋាននៅទីក្រុង ក្វាយ៉ាឃ្វីល (Guayaquil) ដោយបង្កឲ្យមានការផ្ញើសារអង្វរករសុំជំនួយជាច្រើន នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន អ៊ែល យូនីវើសូ (El Universo)។

ក្រុមអ្នកវាយប្រហារ ដែលមានគ្នាយ៉ាងហោចណាស់ ១៣នាក់ ដែលត្រូវបាននគរបាលនាំខ្លួនចេញនោះ ត្រូវបានគេរាយការណ៍ថា បាននាំយកគ្រាប់បែកខ្នាតតូច ចូលទៅក្នុងអគាររបស់បណ្តាញទូរទស្សន៍។ នគរបាលជាតិរបស់អេក្វាឌ័រ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពជំនាញរបស់ខ្លួនត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះ ហើយបានចាប់ខ្លួន «មុខសញ្ញាជាច្រើន»៕