ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៣.២១០នាក់ ហើយមនុស្សប្រហែល ២លាននាក់បានជម្លៀសខ្លួន ស្របពេលមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលាមក នេះបើយោងតាមក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអង្គារ (០៩ មករា)។

ក្រសួងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២៦នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងមនុស្ស ២៤១នាក់ ផ្សេងទៀតរងរបួសក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយបន្ថែមចំនួនសរុបនៃអ្នករបួសប៉ាឡេស្ទីនបានកើនឡើងដល់ ៥៩.១៦៧ ចាប់តាំងពីថ្ងៃទី០៧ ខែតុលាមក។

ទោះបីជាមានការអំពាវនាវជាអន្តរជាតិឱ្យការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា រួមទាំងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) ដែលកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ាក៏ដោយ ក៏អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបង្កើនការវាយប្រហារនៅតំបន់ហ្កាហ្សាភាគខាងត្បូងបន្ថែមទៀត។
យោងតាមតួលេខដែលចេញផ្សាយដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបកំពុងកើនឡើង ដោយកុមារទាំងអស់ចំនួន ៣៣៥.០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំនៅក្នុងតំបន់ កំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕