រដ្ឋាភិបាលរបស់ប្រទេសប៉េរូ បានប្រកាសកាលពីថ្ងៃអង្គារ (០៩ មករា) នូវភាពអាសន្នតាមបណ្តោយព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយអេក្វាឌ័រ ខណៈដែលការកើនឡើងនៃអំពើហិង្សាបានកើតមានឡើង ដោយភាគច្រើនត្រូវបានស្តីបន្ទោសទៅលើក្រុមឧក្រិដ្ឋជនមកពីប្រទេសជិតខាង។

នាយករដ្ឋមន្ត្រីប៉េរូ លោក អាលប៊ឺតតូ អូតារ៉ូឡា (Alberto Otarola) បានធ្វើសេចក្តីប្រកាសដោយបញ្ជាក់ថា សេចក្តីប្រកាសគ្រាអាសន្ននេះនឹងដាក់ពង្រាយកងទ័ពចំនួនមិនជាក់លាក់ ដើម្បីគាំទ្រដល់កងកម្លាំងនគរបាល។

រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមហាផ្ទៃរបស់ប្រទេសប៉េរូ ក៏នឹងធ្វើដំណើរទៅកាន់ព្រំដែនផងដែរ ដើម្បីសម្របសម្រួលប្រតិបត្តិការ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី។

ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញ៉ែល ណូបូអា (Daniel Noboa) បានចេញក្រឹត្យមួយកាលពីថ្ងៃអង្គារ ដោយចាត់ថ្នាក់ក្រុមជនអន្ធពាលចំនួន ២២ក្រុមជាអង្គការភេរវករ ភ្លាមៗបន្ទាប់ពីក្រុមប្រដាប់អាវុធទាំងនេះបានសម្រុកចូលកាន់កាប់ស្ទូឌីយ៉ូទូរទស្សន៍អំឡុងពេលការផ្សាយបន្តផ្ទាល់ នៅក្នុងឧទាហរណ៍ចុងក្រោយបង្អស់នៃការបង្កើនភាពគ្មានច្បាប់នៅក្នុងប្រទេសនេះ៕