ពោធិ៍សាត់៖ គិតត្រឹមល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ផ្ទៃមេឃនៅក្នុងខេត្តពោធិ៍សាត់ នៅតែមានសភាពអ័ព្ទអួ ហើយការជន់លិចតំបន់មួយចំនួននៅតែបន្ត។ នៅក្នុងចំណោមស្រុកក្រុងដែលបានទទួលការជន់លិចនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នៅតែជាតំបន់ដែលមានការលិចលង់ខ្លាំងជាងគេ។ ទឹកស្ទឹងពោធិ៍សាត់ បានពេញព្រៀបច្រាំងនៅក្នុងក្រុងពោធិ៍សាត់ ហើយ នៅបន្ត ហូរបែកវាល ចូលទៅក្នុងភូមិឋាន ស្រែចម្ការរបស់ពលរដ្ឋក្នុងស្រុកកណ្តៀង។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្រុមការងាររបស់លោកនៅតែបន្តបើកទ្វារទឹកជាច្រើនកន្លែង ដើម្បីបន្ថយកម្ពស់ទឹក ចេញពីស្ទឹងពោធិ៍សាត់ និង រំដោះទឹកភ្លៀងចេញពីក្រុង។
ថ្លែងពីស្ថានីយ៍ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល លោកប្រធានមន្ទីធនធានទឹកដដែលបានលើកឡើងថា បើសិនយប់ថ្ងៃទី ១២ តុលានេះ និង ថ្ងៃ ១៣តុលាខាងមុខមិនមានភ្លៀងទេនោះ ទឹក នឹងបន្តស្រកជាបន្តទៀត។
គិតត្រឹម ថ្ងៃ១២ខែតុលា ឆ្នាំ២០២០ នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ គឺបានឋិតក្នុងកម្រិតកម្ពស់ ៥.៤៦ម៉ែត្រ ពោលគឺបានធ្លាក់ចុះអស់ ៧ហ៊ុន នេះបើធៀបនឹងថ្ងៃទី ៩តុលា ដែលកម្ពស់ទឹកស្ទឹងពោធិ៍សត្វ មានកម្ពស់ដល់ទៅ ៥.៥៣ម៉ែត្រ។
ទោះជាមានការថយចុះនូវកម្ពស់ទឹកបន្តិចមែនប៉ុន្តែ កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅតែ ខ្ពស់ជាងកម្រិតប្រកាសអាសន្ន ដែលត្រូវបានកំណត់ត្រឹម ៥.០០ម៉ែត្រ។ គិតចាប់តាំងពីអំឡុងពេលភ្ជុំបិណ្ឌ រហូតដល់ពេលនេះ ពោធិ៍សាត់ បានជួបប្រទះជំនន់ទឹកភ្លៀង ៣លើកហើយ។
លើកចុងក្រោយ ដែលទឹកចាប់ផ្តើមឡើងខ្លាំង កាលពីថ្ងៃ ៩តុលានោះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៩៩៩០ គ្រួសារ (តួលេខបឋម) និង មានមនុស្សពីរនាក់បានស្លាប់ ក្នុងនោះ មានយុវនារីម្នាក់វ័យ ២១ឆ្នាំ បានបាត់បង់ជីវិតដោយលង់ទឹក ក្នុង ភូមិ ស្ថានីយ៍ ឃុំស្វាយអាត់ ក្រុងពោធិ៍សាត់ ក្នុងយប់ថ្ងៃទី ១១តុលា ឆ្នាំ២០២០៕ អត្ថបទ៖ សំនៀង







