ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើការបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន), និងទី២.ឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ(មានសារធាតុញៀន)។

ការធ្វើបង្ហាញមុខជនសង្ស័យទាំងពីរនាក់នេះលោក វរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌសហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់កាលពីយប់ ថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០២៤ នៅចំណុច ផ្លូវលេខ ១០០៣ ភូមិ គង្គាផុស សង្កាត់ទួល សង្កែ ទី២ ខណ្ឌឬស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពប្លន់ បានតែរយៈពេល ៤ថ្ងៃ ។

លោកអធិការបានអោយដឹងថាទៀតថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅមានករណី កាប់ ប្លន់យក ម៉ូតូម៉ាក ហុង ដាឌ្រីម ១គ្រឿង នៅចំណុចដើមប្រេងខ្យល់ ស្ថិតនៅខាងជើង កាំកូស៊ីធី តាមផ្លូវលេខ ១០០៣ ក្នុង សង្កាត់ទួលសង្កែទី២។ នៅក្នុងសកម្មភាព ជនសង្ស័យ ២នាក់ បានប្រើដាវកែច្នៃ ភ្ជង់គំរាមជនរងគ្រោះ ដែលកំពុង តែចុះបត់ជើង ប្លន់យកម៉ូតូ ម៉ាកហុង ដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IN.8015 មួយគ្រឿងបានសម្រេច។ បន្ទាប់ពីមានករណី ប្លន់ដោយមានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌកម្លាំង នគរបាលខណ្ឌ បានសហការជាកម្លាំង ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ២នាក់ព្រមទាំងដកហូតបានម៉ូតូម៉ាកធូដេ ១គ្រឿងផងដែរ។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថាថា ជនសង្ស័យ ជាមុខ សញ្ញាចាស់ ប្លន់ និង លួច យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារ និងបានប្រើប្រាស់គ្រឿងញៀនផងដែរ៕ អត្ថបទ៖ កុម្ភះ


