មន្រី្តជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា (ហៅកាត់UTM) ដើម្បីកំណត់យកតំបន់មានសក្តានុពលផ្នែកចម្លាក់ប្រាក់-ស្ពាន់ និងអ្នកមានចំណេះជំនាញពីដូនតា និងមានស្នាដៃល្អ ក្លាយទៅជាមរតកមនុស្សរស់ នៅឃុំកោះចិន ក្នុងស្រុកពញាឮ ខេត្តកណ្តាល។
លោក អាន សុធា ប្រធានការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងផែនការ នៃការិយាល័យ ដែលដឹកនាំដោយលោកស្រី មួង សារឹម ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ក្នុងឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំបានចង្អុលបង្ហាញដល់មន្រី្តជំនាញចុះសិក្សាស្រាវជ្រាវស្រង់ស្ថិតិ ឈានដល់ការចុះកំណត់និយាមកា(ហៅកាត់UTM) ដើម្បីកំណត់យកនូវព័ត៌មានអ្នកផលិត ប្រជាពលរដ្ឋ អាជីវករ និងសិល្បករ មានស្នាដៃផលិតចម្លាក់ប្រាក់-ស្ពាន់នៅឃុំកោះចិន ដែលជាតំបន់ប្រវតិ្តសាស្រ្ត ឲ្យមានលទ្ធផលជាក់លាក់ ដើម្បីងាយស្រួល ដល់អ្នកសិក្សាស្រាវជ្រាវ ឬសាធារណជន ដែលមានបំណងចង់ស្វែងរកទីតាំងម្ចាស់អាជីវកម្មផ្នែកចម្លាក់ប្រាក់-ស្ពាន់ គឺគ្រាន់តែទាញយកទូរស័ព្ទដៃ រួចវាយអក្សរ UTM នោះ នឹងរកទីតាំងឃើញ (តើអ្នកនោះឈ្មោះអ្វី និងផលិតចម្លាក់ប្រាក់-ស្ពាន់)។ ពិសេសយើងចងក្រងសៀវភៅមគ្គុទេសក៍នេះ ក៏ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យដឹងថា កម្ពុជា មានតំបន់តែមួយគត់សម្រាប់ខេត្តកណ្តាល គឺស្រុកពញាឮ មានចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិត និងឲ្យក្លាយទៅជាតំបន់ទេសចរមួយ សម្រាប់ពិភពលោក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ចូលរួមលើកកម្ពស់វិស័យសិល្បៈចម្លាក់ប្រាក់ ស្ពាន់ ចម្លាក់ស្មិតនេះ ឲ្យកាន់តែរីកចម្រើន។
លោក អាន សុធា បានបញ្ជាក់ទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រី្តជំនាញទាំងអស់នេះ គឺដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណតិ្តទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ដោយមិនចាំបាច់គ្រូពីសាលានោះទេ។ ដោយសារគាត់ គឺជាគ្រូនៅតាមតំបន់នីមួយៗដែលមានចំណេះជំនាញស្រាប់ នឹងចែករំលែកហ្វឹកហាត់សិស្សបន្តបន្ទាប់បន្ថែមទៀត ឲ្យសិស្សមានចំណេះដឹង និងមានសក្តានុពលផ្នែកចម្លាក់ប្រាក់-ស្ពាន់ ដើម្បីចូលរួមថែរក្សា និងអភិរក្សចំណេះជំនាញដូនតានេះ៕អត្ថបទ រដ្ឋា









