តាមសេចក្តីប្រកាសព័ត៌មានលទ្ធផលកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៅថ្ងៃទី៩ ខែមករានេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ គណៈកម្មាធិការជាតិ បានពិភាក្សា និងអនុម័តផែនការសកម្មភាព និង គ្រោងទម្លាក់ថវិកាជាតិជិត ១៨០០លានដុល្លារអាមេរិកទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលការងារ និងការអភិវឌ្ឍមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ គ.ជ.អ.ប ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិ គ.ជ.អ.ប នោះ បានឲ្យដឹងថា ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី២ ឆ្នាំទី៤ នៅក្នុងឆ្នាំ២០២៤នេះ គឺផ្តោតលើការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងម៉ាំ ស្អាតស្អំ មានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការអនុវត្តមុខងារដែលរដ្ឋបាលថ្នាក់ជាតិ បានផ្ទេរទៅឲ្យរដ្ឋបាលរដ្ឋបាលថ្នាក់ជាតិអនុវត្ត ជាពិសេស ការធ្វើទំនើបកម្មយន្តការ នីតិវិធីផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

តាមការបញ្ជាក់ពី ឯកឧត្តម ងាន់ ចំរើន ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ គ.ជ.អ.ប បានឲ្យដឹងថា នៅក្នុងថវិកាជាតិដែលគ្រោងនឹងស្នើទៅប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលពិនិត្យសម្រេច ថវិកាជាតិប្រមាណជិត ១៨០០ដុល្លារអាមេរិក កើនរហូត២០% នៃថវិកាជាតិសរុប ទម្លាក់ពីថ្នាក់ជាតិ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមួយចំនួននឹងធ្វើការបែងចែងទម្លាក់ឲ្យរដ្ឋបាលថ្នាក់ខេត្តរាជធានី ថវិកាប្រមាណជាង ៧០០លានដុល្លារអាមេរិក ទម្លាក់ឲ្យរដ្ឋបាលថ្នាក់ក្រុងស្រុកខ័ណ្ឌ ប្រមាណជាង ៧៣០លានដុល្លារអាមេរិក និងទម្លាក់ឲ្យរដ្ឋបាលថ្នាក់ឃុំសង្កាត់ទូទាំងប្រមាណជាង ៣០០លានដុល្លអាមេរិច ដើម្បីអនុវត្តមុខងារ សកម្មភាពការងារ ដែលរដ្ឋបាលថ្នាក់ជាតិបានផ្ទេរទៅឲ្យ ជាពិសេសការពង្រឹងប្រសិទ្ធភាពការងារ ផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យល្អប្រសើរ ស្អាតស្អំ និងបង្កើនការអភិវឌ្ឍផ្លូវ ថ្នល់ និងសំណង់ដេក និងសំណង់បញ្ឈរជាច្រើនទៀតនៅតាមឃុំសង្កាត់។
ឯកឧត្តម ង៉ាន់ ចំរើន បន្តថា មូលហេតុដែលរាជរដ្ឋាភិបាលបង្កើនថវិកាជាតិរហូត២០%នោះ ផ្ទេរទម្លាក់ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដោយសារឆ្នាំ២០២៤នេះ ក្រសួងអប់រំយុវជន និងកីឡា សម្រេចចិត្តផ្ទេរមុខងារការងារគ្រប់គ្រងសាលាបឋមសិក្សា និងគ្រូបង្រៀនប្រមាណ ៦ម៉ឺននាក់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការគ្រប់គ្រង៕ អត្ថបទ៖ ស៊ុម សុខជា













