កណ្តាល៖ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តកំពត និងខេត្តកណ្តាល អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃដើម្បីធានាថាការអនុវត្តការងារបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ហើយគម្រោងទាំង២នេះរួមមាន ទី១៖ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤,៥គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ លូប្រអប់មុខមួយចំនួន ១កន្លែង លូមូលមុខ មួយចំនួន ៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ទៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត និងទី២៖ ផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៤,៣គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខមួយចំនួន ៥កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងថា សមិទ្ធផលខាងលើនេះ ជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ពិសេសបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅកាន់សាលារៀន បានគ្រប់រដូវកាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា ផ្លូវ គឺជាអាតិភាពមួយក្នុងចំណោមអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ដែលរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង តាមរយៈការអភិវឌ្ឍផ្លូវជនបទ ផ្លូវជាតិ ផ្លូវល្បឿនលឿន និងស្ពាន ។
ក្នុងឱកាសនោះ គណៈកម្មការអន្តរក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមថែទាំទាំងអស់គ្នា តាមរយៈការមិនដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងមិនកាប់គាស់នាំឱ្យខូចទ្រង់ទ្រាយផ្លូវ និងការពារសមិទ្ធផលទាំងនេះដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចាត់ទុកថាផ្លូវនេះជារបស់គាត់ ៕ ដោយ ៖ បាន សុខរិទ្ធ










