ឥណ្ឌា៖ វីរុសបម្លែងខ្លួនថ្មី Delta Plus គឺជាវីរុសងាយនឹងសម្លាប់មនុស្ស ហើយត្រូវបានរដ្ឋាភិបាលឥណ្ឌា ចាត់ទុកថាជាវីរុសគួរឲ្យព្រួយបារម្ភខ្លាំងបំផុត។
ការព្រួយបារម្ភថ្មីនេះ ត្រូវបានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារ ក្រោយក្រុមអ្នកវិទ្យាសាស្ត្រធ្វើការជាមួយមន្ទីរពិសោធន៍សម្ព័ន្ធតំនហ្សែន បាននិយាយប្រាប់រដ្ឋាភិបាលឥណ្ឌាថា ពួកគេបានរកឃើញភស្តុតាង ដែលវីរុសបម្លែងខ្លួនថ្មីនេះ ងាយនឹងឆ្លងជាងវីរុសបម្លែងខ្លួនថ្មី Delta ដោយវាមានការផ្សាភ្ជាប់កាន់តែខ្លាំងជាមួយនឹងកោសិកាសួត និងធន់ខ្លាំងនឹងការព្យាបាលដោយអង់ទីគ័រម៉ូណូក្លូណល។
គិតមកទល់នឹងពេលនេះ ប្រទេសឥណ្ឌា បានរកឃើញវីរុសបម្លែងខ្លួនថ្មី Delta Plus ចំនួន ២២ករណីនៅក្នុងរដ្ឋមហារ៉ាស្ត្រា, ខេរ៉ាឡា និងរដ្ឋម៉ាដយ៉ាប្រាដេស។
ក្រសួងសុខាភិបាលឥណ្ឌា បានណែនាំដល់រដ្ឋទាំង៣នេះ ត្រូវតែចាត់វិធានការជាបន្ទាន់ នៅតាមស្រុក និងតំបន់សហគមណ៍របស់ពួកគេ ជាកន្លែងដែលមានការផ្ទុះវីរុសបម្លែងខ្លួនថ្មីនេះ។
វិធានការទាំងអស់នោះ រួមមានការការពារការជួបជុំគ្នា បង្កើនការធ្វើតេស្តរកវីរុស តាមដានការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាពន្លឿនការចាក់វ៉ាក់សាំងបង្ការវីរុស៕ អត្ថបទ៖ សារ៉ាត់