កណ្ដាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់នឹងព្រំដែនប្រទេសវៀតណាម ដែលរងការបាក់ស្រុត មានប្រវែងជាង១ ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ និងកំពុងដំណើរការស្ថាបនា ។
បេសកកម្មនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ។
ក្នុងថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល និងបានសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ នៅក្រុងសំពៅពូន មាននគរបាលការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកស្បូវ ចំណុះវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៦០៥ និងបន្តឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីសួរសុខទុក្ខមន្រ្តីដែលប្រចាំការនៅទីនោះ ៕ ដោយ ៖ បាន សុខរិទ្ធ






