ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា អាកាសធាតុរដូវរងាត្រជាក់ខ្លាំង បានធ្វើឱ្យក្រុងនិងភូមិជាង ១.០០០ គ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងតំបន់ចំនួន៩ ហើយបានជំរុញឱ្យពលរដ្ឋសន្សំសំចៃថាមពល ខណៈប្រព័ន្ធថាមពល បានចុះខ្សោយដោយសារការវាយប្រហាររបស់រុស្ស៊ី។

ប្រតិបត្តិករបណ្តាញអគ្គិសនី ក្រុមហ៊ុន យូក្រែន័រហ្គ្រូ(Ukrenergo) បាននិយាយថា ការប្រើប្រាស់អគ្គិសនីមានកម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈសីតុណ្ហភាពបានធ្លាក់ចុះដល់ ដក១៥អង្សាសេ នៅផ្នែកជាច្រើនរបស់ប្រទេស។

ក្រុមហ៊ុនបាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា កម្រិតនៃការប្រើប្រាស់នៅតែបន្តកើនឡើងដោយសារតែសីតុណ្ហភាពធ្លាក់ចុះខ្លាំងនៅទូទាំងប្រទេស ហើយការប្រើប្រាស់អគ្គិសនីនៅពេលព្រឹក ខ្ពស់ជាង ៥,៨ ភាគរយរួចទៅហើយកាលពីថ្ងៃមុន។ ដោយសារអាកាសធាតុមិនអំណោយផល ខ្យល់បក់ខ្លាំង និងថាមពលទឹកកក បានកាត់ផ្តាច់ថាមពលអគ្គិសនីនៅលំនៅឋានចំនួន ១.០២៥ខ្នង។
ក្រុមហ៊ុន Ukrenergo និយាយថា អាកាសធាតុបានបង្កការខូចខាតច្រើនដល់បណ្តាញចែកចាយ ដោយមានខ្យល់បក់ខ្លាំង អាកាសធាតុត្រជាក់ខ្លាំង និងស្រទាប់ទឹកកកក្រាស់នៅលើឧបករណ៍ ដែលបានពន្យារពេលការងារជួសជុលបណ្តាញ។
លោក Vitaliy Kim អភិបាលតំបន់ Mykolaiv ភាគខាងត្បូង ជាកន្លែងដែលក្រុង និងភូមិចំនួន ២១៥កន្លែង ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី បាននិយាយថា ទឹកកកនៅលើខ្សែកាបអគ្គិសនី មានកម្រាស់ជាង ៥ សង់ទីម៉ែត្រ។
ក្រុមហ៊ុន Ukrenergo និយាយថា ប្រព័ន្ធថាមពល កំពុងដំណើរការក្នុងកម្រិតអតិបរិមា ហើយបានជំរុញឱ្យពលរដ្ឋសន្សំសំចៃអគ្គិសនីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងជៀសវាងការប្រើប្រាស់ឧបករណ៍អគ្គិសនីច្រើនក្នុងពេលដំណាលគ្នា ដើម្បីជួយទប់ទល់ប្រព័ន្ធថាមពល។