អង្គការជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនភៀសខ្លួន និងអ្នកវិលត្រឡប់ទៅវិញរាប់ម៉ឺននាក់ ដែលភៀសខ្លួនចេញពីជម្លោះនៅប្រទេសស៊ូដង់ ចូលទៅក្នុងប្រទេសស៊ូដង់ខាងត្បូង។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្សជាង ៥០.០០០នាក់ បានឆ្លងកាត់ពីប្រទេសស៊ូដង់ក្នុងរយៈពេល៣សប្តាហ៍កន្លងទៅនេះ ដោយមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា កំពុងរង់ចាំនៅព្រំដែនដើម្បីចូលទៅប្រទេសស៊ូដង់ខាងត្បូង។

ការិយាល័យនេះបាននិយាយថា ចាប់តាំងពីសង្រ្គាមនៅស៊ូដង់ ចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ ២០២៣ មនុស្សជិត ៥០០.០០០នាក់ បានភៀសខ្លួនចូលទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។ អង្គការ OCHA កំពុងអំពាវនាវបន្ទាន់ សម្រាប់ការផ្តល់មូលនិធិបន្ថែម ដើម្បីបំពេញតម្រូវការមនុស្សធម៌ដ៏ច្រើនលើសលប់នៅកន្លែងឆ្លងកាត់ និងរៀបចំការដឹកជញ្ជូនបន្តសម្រាប់អ្នកមកដល់ថ្មី ដើម្បីកាត់បន្ថយភាពចង្អៀតណែន នៅតាមមជ្ឈមណ្ឌលឆ្លងកាត់។ ការផ្គត់ផ្គង់ និងសេវាកម្មសំខាន់ៗ មានតិចតួច និងមានហានិភ័យនៃការរាលដាលជំងឺ។
ការិយាល័យបាននិយាយថា ដៃគូមនុស្សធម៌របស់យើងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ក៏កំពុងឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺគ្រុនលឿង នៅក្នុងរដ្ឋភាគខាងត្បូង នៃរដ្ឋវ៉េស អេក្វាតូរីយ៉ា(West Equatoria) ហើយតំបន់ចំនួនបីនៅទីនោះ បានរាយការណ៍ករណីសង្ស័យចំនួន១៧ករណី និងកើតមាន១ករណី ដែលត្រូវបានបញ្ជាក់ និងមានអ្នកស្លាប់ចំនួន៦នាក់ ក្នុងចំណោមកុមារនៅចន្លោះអាយុ ២ឆ្នាំ និង ៥ ឆ្នាំ។
អ្នកវិលត្រឡប់ទៅវិញ ដែលនិយាយយោងទៅរកប្រជាជនស៊ូដង់ខាងត្បូង ដែលបានភៀសខ្លួនចេញពីជម្លោះកាលពីពេលមុន បានចូលមកក្នុងប្រទេសស៊ូដង់ ហើយបច្ចុប្បន្នកំពុងត្រឡប់ចេញមកពីជម្លោះនៅស៊ូដង់វិញ។