
មេដឹកនាំនៃប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ី បានជួបប្រជុំគ្នា នៅថ្ងៃពុធ(ទី១០ ខែមករា) នេះ ដើម្បីពិភាក្សាអំពីបញ្ហានានា នៅក្នុងតំបន់ ក្នុងនោះរួមទាំងការអភិវឌ្ឍ នៅសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្នុងចំណោមបណ្ដារដ្ឋជាសមាជិកនៃប្លុកអាស៊ីអាគ្នេយ៍។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើជាម្ចាស់ផ្ទះទទួលសមភាគីឥណ្ឌូនេស៊ីលោក Joko Widodo សម្រាប់កិច្ចពិភាក្សា នៅទីក្រុងម៉ានីល។
ដោយនិយាយយោងដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) លោក Marcos បានលើកឡើងថា៖ «លោកប្រធានាធិបតី Widodo និងខ្ញុំមានការពិភាក្សាប្រកបដោយផ្លែផ្កា និងស្មោះត្រង់លើព្រឹត្តិការណ៍ក្នុងតំបន់ដែលមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដូចជាការវិវត្ត នៅសមុទ្រចិនខាងត្បូង និងកិច្ចសហប្រតិបត្តិការ និងការផ្តួចផ្តើមគំនិតរបស់អាស៊ាន»។
នៅក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីកិច្ចប្រជុំនោះ លោក Widodo បានបន្ថែមថា ប្រទេសទាំង២ បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់លើកិច្ចសហប្រតិបត្តិការព្រំដែន។
មេដឹកនាំឥណ្ឌូនេស៊ីរូបនេះ បានថ្លែងថា៖ «យើងបានយល់ព្រមដើម្បីពន្លឿនការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀងល្បាតព្រំដែនរួមគ្នា និងកិច្ចព្រមព្រៀងឆ្លងកាត់ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងនោះរួមទាំងផ្នែកយុទ្ធោបករន៍យោធាផងដែរ»៕