
មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិក និងចិន បានបញ្ចប់កិច្ចចរចាយោធារយៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ (០៩ មករា) ដែលជាការចូលរួមចុងក្រោយបង្អស់ចាប់តាំងពីប្រទេសទាំងពីរបានយល់ព្រមបន្តទំនាក់ទំនងយោធា និងយោធា។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានព្រមព្រៀងគ្នាកាលពីចុងឆ្នាំមុន ដើម្បីចាប់ផ្តើមទំនាក់ទំនងយោធាឡើងវិញ ដែលត្រូវបានផ្អាកដោយទីក្រុងប៉េកាំង បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែសីហា ឆ្នាំ២០២២ ដោយសារអតីតប្រធានសភាតំណាងរាស្រ្ត លោកស្រី នែនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់។
មន្ទីរបញ្ចកោណបាននិយាយថា ជុំទី១៧ នៃកិច្ចចរចាបានឃើញលោក ម៉ៃខល ឆេស (Michael Chase) ជំនួយការរដ្ឋមន្ត្រីការពារជាតិសម្រាប់ប្រទេសចិន កោះតៃវ៉ាន់ និងម៉ុងហ្គោលី ជួបជាមួយឧត្តមសេនីយឯក លោក សុង យ៉ានចាវ (Song Yanchao) របស់ប្រទេសចិន ដែលជាអនុប្រធានការិយាល័យគណៈកម្មការកណ្តាលសម្រាប់កិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ។
ក្រុមមន្ត្រីមន្ទីរបញ្ជកោន និយាយថា ការទំនាក់ទំនងរវាងយោធាទាំងពីរ គឺជាគន្លឹះក្នុងការទប់ស្កាត់ការគណនាខុសក្នុងការឈានទៅរកជម្លោះ។ ក្រសួងការពារជាតិរបស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ (១០ មករា) នេះដោយលើកឡើងពីកិច្ចប្រជុំនេះថា ប្រទេសចិនមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងយោធា និងយោធាដែលមានសុខភាពល្អ និងស្ថិរភាពជាមួយសហរដ្ឋអាមេរិក «ដោយផ្អែកលើសមភាព និងការគោរព»៕