
តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០៩ មករា) មានការសង្ស័យលើការអះអាងរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលថាលោកមានអភ័យឯកសិទ្ធិពីការចោទប្រកាន់លើបទឧក្រិដ្ឋសម្រាប់ការព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតឆ្នាំ២០២០ ខណៈអតីតប្រធានាធិបតីរូបនេះបានគំរាមកំហែងថានឹងកាត់ទោសលោក ចូ បៃដិន (Joe Biden) ប្រសិនបើខ្លួនត្រឡប់ទៅកាន់តំណែងនៅសេតវិមានវិញ។
លោក ត្រាំ បានស្ដាប់យ៉ាងប្រុងប្រយ័ត្ននៅពេលដែលក្រុមច្បាប់របស់លោកព្យាយាមបញ្ចុះបញ្ចូលក្រុមចៅក្រមបីរូបថាអតីតប្រធានាធិបតីរូបនេះមិនគួរត្រូវបានកាត់ទោសចំពោះសកម្មភាពដែលបានធ្វើពេលកាន់តំណែងនោះទេ។ លោក ត្រាំ នឹងត្រូវទៅកាត់ទោសនៅខែមីនា លើការចោទប្រកាន់សហព័ន្ធពីបទព្យាយាមបង្វែរលទ្ធផលការបោះឆ្នោត ខណៈចៅក្រមបានប្រតិកម្មយ៉ាងមន្ទិលចំពោះអំណះអំណាងនោះ។
លោកស្រីចៅក្រម ហ្វ្លរេន ភេន (Florence Pan) បានសួរមេធាវីលោក ត្រាំ គឺលោក ចន សោវើ (John Sauer) ថា «អ្នកកំពុងនិយាយថាប្រធានាធិបតីអាចទទួលបានការលើកលែងទោស អាចលក់អាថ៌កំបាំងយោធា និងអាចប្រាប់ក្រុមការងារសម្ងាត់ឱ្យធ្វើឃាតគូប្រជែងនយោបាយមែនទេ»។
លោកមេធាវី សោវើ បានតបថាអតីតប្រធានាធិបតីអាចត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបែបនេះទេលុះត្រាតែមានការចោទប្រកាន់ជាលើកដំបូងដោយសភាតំណាងរាស្រ្ត ហើយត្រូវបានកាត់ទោសនៅក្នុងព្រឹទ្ធសភា។
បន្ទាប់ពីសវនាការ លោក ត្រាំ បាននិយាយថា ខ្លួនគឺជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយបានព្រមានអំពី «ចលាចលនៅក្នុងប្រទេស» ប្រសិនបើបណ្ដឹងនេះត្រូវបានអនុញ្ញាតឱ្យដំណើរការទៅមុខ។ លោក ត្រាំ បានធ្វើការគំរាមកំហែងកាន់តែច្បាស់នៅមុនសវនាការ ដោយនិយាយថា លោកអាចនឹងកាត់ទោសលោក បៃដិន ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ ប្រសិនបើខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ៕