
ប្រជាជនប៉ាឡេស្ទីន មើលឃើញការសម្រាកតិចតួចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានបំផ្លាញតំបន់ហ្កាហ្សា បើទោះបីជាអ៊ីស្រាអែលបានប្រកាសពីដំណាក់កាល «កំណត់គោលដៅបន្ថែមទៀត» នៃសង្រ្គាមរបស់ខ្លួន និងការជំរុញជាថ្មីពីប្រមុខការទូតអាមេរិកសម្រាប់ការការពារជនស៊ីវិលក្នុងអំឡុងពេលទស្សនកិច្ចក៏ដោយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) ធ្លាប់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍មុនថា យោធា «នឹងផ្លាស់ប្តូរទៅរកវិធីសាស្រ្តប្រយុទ្ធថ្មី» ជាមួយនឹងយុទ្ធនាការផ្លូវអាកាសតិចជាងមុន បន្ទាប់ពីបាននិយាយនៅមុននោះថា ខ្លួននឹងចាប់ផ្តើមដកកងទ័ពមួយចំនួនចេញពីតំបន់ហ្កាហ្សាស្ទ្រីប។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារនៅតែបន្តប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យនៅហ្កាហ្សាជារៀងរាល់ព្រឹក ដោយដឹកសាច់ញាតិរបស់ខ្លួនដែលរងរបួសអំឡុងពេលការបំផ្ទុះគ្រាប់បែកពេលយប់ ហើយបានរកឃើញមន្ទីរពេទ្យពោរពេញដោយអ្នករបួស និងច្រករបៀងដែលចង្អៀត ហើយប្រឡាក់ទៅដោយឈាម។ ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ទៅកាន់មន្ទីរពេទ្យដើម្បីយកសាកសពដែលទាញចេញពីអគារដែលបានបំផ្លាញ។
គោលបំណងរបស់អ៊ីស្រាអែល គឺដើម្បីកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលផ្នែកជាច្រើននៃតំបន់ឆ្នេរហ៊ុមព័ទ្ធដ៏តូច និងមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនេះត្រូវបានវាយកម្ទេចចោល ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយនេះនៅតែកំពុងបន្តប្រយុទ្ធ ហើយបណ្ដាប្រមុខមេដឹកនាំកំពូលរបស់ក្រុមនេះនៅតែមិនទាន់ចាប់ខ្លួនបាននៅឡើយ៕