
ប្រធានរបស់ក្រុមហ៊ុន Suzuki Motor នៅថ្ងៃពុធ (ទី១០ ខែមករា) នេះ បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ នឹងវិនិយោគទឹកប្រាក់ ៣៥០ពាន់លានរូពី (៤,២១ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រផលិតរថយន្តទី២ នៅក្នុងរដ្ឋ Gujarat របស់ប្រទេសឥណ្ឌា ក្នុងគោលបំណងបង្កើនសមត្ថភាពផលិត នៅក្នុងទីផ្សារមួយ ក្នុងចំណោមទីផ្សារដ៏សំខាន់របស់ខ្លួន។
នៅឯសន្និសីទសម្រាប់ការវិនិយោគក្នុងរដ្ឋនេះ លោក Toshihiro Suzuki បានប្រាប់ថា ក្រុមហ៊ុន Suzuki ក៏នឹងបណ្តាក់ទុនចំនួន ៣២ពាន់លានរូពីផងដែរ ដើម្បីបន្ថែមខ្សែច្រវាក់ផលិតកម្មថ្មី នៅក្នុងរោងចក្រដែលមានស្រាប់នៅក្នុងរដ្ឋ ដែលនឹងជំរុញដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។
ទីផ្សាររថយន្តដែលកំពុងរីកចម្រើនរបស់ឥណ្ឌា គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុន Suzuki ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Maruti Suzuki គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុត តាមរយៈចំនួននៃការលក់។ ក្រុមហ៊ុននេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមត្ថភាពផលិតប្រចាំឆ្នាំរបស់ក្រុមហ៊ុន Suzuki នឹងកើនឡើងដល់ ២លានគ្រឿងនៅក្នុងរដ្ឋនេះ ដោយសារការវិនិយោគថ្មីនេះ៕