
កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសនីហ្សេរីយ៉ា បានបំផ្លាញចោលភ្លុកដំរីទម្ងន់ ២តោនកន្លះ ដែលរឹបអូសបានពីក្រុមឈ្មួញតម្លៃជាង ១១,២លានដុល្លារ នៅក្នុងយុទ្ធនាការមួយ ដើម្បីការពារចំនួនធ្លាក់ចុះរបស់សត្វដំរី ពីការជួញដូរកើនឡើងរបស់ឈ្មួញសត្វព្រៃ ។
យោងតាមការអះអាងរបស់ក្រុមអភិរក្សសត្វព្រៃ បានឲ្យដឹងថា នៅក្នុងរយៈពេលជាង ៣ទសវត្សរ៍ចុងក្រោយនេះ ចំនួនសត្វដំរីនៅនីហ្សេរីយ៉ា បានធ្លាក់ចុះយ៉ាងគំហុកពីចំនួនប្រហែល ១.៥០០ក្បាល មកនៅត្រឹមជាង ៤០០ក្បាល ដោយសារតែការបរបាញ់យកភ្លុក បាត់បង់ទីជម្រក និងជម្លោះរវាងមនុស្ស និងសត្វដំរី ។
ការបំផ្លាញចោលភ្លុកដំរីនៅក្នុងរដ្ឋធានី Abuja បានធ្វើឡើង បន្ទាប់ពីមានព្រឹត្តការណ៍ស្រដៀងគ្នាកាលពីខែតុលា កន្លងទៅ ជាទីដែលក្រុមមន្រ្តីបំផ្លាញសត្វពង្រូលរឹបអូសបានទម្ងន់ ៤តោន ដែលមានតម្លៃប្រហែល ១,៤លានដុល្លារ ។
សត្វដំរីរាប់ពាន់ក្បាល ត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ដើម្បីយកភ្លុករបស់វា បើទោះបីជាមានបំរាមឆ្នាំ ១៩៨៩លើការជួញដូរភ្លុកដំរីដោយអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ(CITES)ក៏ដោយ ។
យោងតាមការអះអាងរបស់ក្រុមពង្រឹងច្បាប់ និងក្រុមអ្នកជំនាញសត្វព្រៃ បានឲ្យដឹងថា បើទោះបីជាហត្ថលេខីចំពោះ CITES ប្រទេសនីហ្សេរីយ៉ា ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសម្រាប់ឲ្យក្រុមឧក្រិដ្ឋជនបញ្ជូនបំណែកសត្វព្រៃអាហ្វ្រិកខុសច្បាប់ រួមទាំងភ្លុកដំរី និងសត្វពង្រូល ទៅកាន់អាស៊ីដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាប្រទេសនៅអាហ្វ្រិកខាងលិច បានបង្កើនកិច្ចខិតខំប្រឆាំងនឹងការរត់ពន្ធសត្វព្រៃខុសច្បាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពួកគេចាប់ដៃគូជាមួយក្រុមមន្រ្តីអង់គ្លេស សហរដ្ឋអាមេរិក និងក្រុមមន្រ្តីអាល្លឺម៉ង់ ក៏ដូចជាអង្គការអន្តរជាតិ ដើម្បីរឹបអូសបំណែកសត្វព្រៃដ៏ច្រើនបំផុតកាលពីខែសីហា ឆ្នាំ ២០២១ ៕