
ក្រុមឧទ្ទាមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានបាញ់បង្ហោះនូវអ្វីដែលយោធាអាមេរិក បានពិពណ៌នាថាជា «ការវាយប្រហារដ៏ស្មុគស្មាញ» ពាក់ព័ន្ធនឹងមីស៊ីល និងយានដ្រូន នៅក្នុងសមុទ្រក្រហម ដោយបង្កើនភាពតានតឹងបន្ថែមទៀត នៅមជ្ឈិមបូព៌ា។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវចេញផ្សាយនៅលើបណ្តាញសង្គម X ថា ការវាយប្រហារនេះ បានកើតឡើង នៅម៉ោងប្រហែល ៩ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ដោយយានដ្រូនមួយផ្លូវដែលផលិតដោយអ៊ីរ៉ង់ និងមីស៊ីលតម្រង់គោលដៅប្រឆាំងនាវា និងមីស៊ីលបាលិស្ទិក បាញ់ចេញពីតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមហួទីនៃប្រទេសយេម៉ែនឆ្ពោះទៅកាន់នាវាដឹកជញ្ជូនរាប់សិបគ្រឿងដែលឆ្លងកាត់សមុទ្រក្រហម។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា មិនមានការចង្អុលបង្ហាញថា នាវាដឹកជញ្ជូនណាមួយ ត្រូវបានខូចខាតនៅក្នុងការវាយប្រហារនោះទេ ដោយនាវាចម្បាំងអាមេរិក និងអង់គ្លេស បានបាញ់យានដ្រូនចំនួន១៨ គ្រឿង មីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់ និងមីស៊ីលបាលិស្ទិកប្រឆាំងនាវាចំនួនគ្រាប់។
នេះជាការវាយប្រហារលើកទី២៦ របស់ក្រុមហួទីលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្ម នៅសមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា។
ក្រុមឧទ្ទាមហួទី បានប្តេជ្ញាវាយប្រហារលើនាវាមានទិសដៅទៅព្រំដែនអ៊ីស្រាអែលទាំងអស់ ដែលឆ្លងកាត់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ ដែលមានចន្លោះពី ១០ភាគរយ ទៅ ១៥ភាគរយនៃពាណិជ្ជកម្មពិភពលោក ដើម្បីឆ្លើយតបជុំវិញសង្រ្គាមរបស់ប្រទេសមជ្ឈិមបូព៌ាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយទៀតគឺក្រុមហាម៉ាស ប៉ុន្តែហាក់ដូចជាមានការពង្រីកវិសាលភាពនៃគោលដៅរបស់ខ្លួនដល់នាវាទាំង អស់។