រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមការងារសាងសង់មូលដ្ឋាននៅទីតាំងផ្លាស់ប្តូរថ្មីតាមគម្រោង សម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន។ រដ្ឋាភិបាលមានផែនការទាមទារយកដី នៅតំបន់Henoko ក្នុងទីក្រុង Nago ដើម្បីផ្ទេរស្ថានីយ៍មូលដ្ឋានអាកាស Futenma របស់កងម៉ារីនអាមេរិក។ បច្ចុប្បន្ន ស្ថានីយ៍នេះមានទីតាំងនៅក្នុងទីក្រុង Ginowan ដែលមានប្រជាជនរស់នៅច្រើន។
រដ្ឋាភិបាលខេត្តអូគីណាវ៉ា បានជំទាស់ទៅនឹងផែនការផ្លាស់ប្តូរទីតាំង និងបានបដិសេធមិនយល់ព្រមលើការងារចាំបាច់ ដើម្បីធ្វើឲ្យរឹងមាំបាតសមុទ្រដែលទន់ជ្រាយនៅឈូងសមុទ្រ Oura។ ក្រុមអ្នកសាងសង់ បានចាប់ផ្តើមការងារ បន្ទាប់ពីរដ្ឋាភិបាលកណ្តាល បានទទួលសេចក្តីសម្រេចរបស់តុលាការកាលពីខែមុនដែលអនុញ្ញាតឱ្យក្រសួងដែនដីច្រានចោលការជំទាស់របស់ខេត្តនេះ។ ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី លោក Hayashi Yoshimasa បាននិយាយថា លោកត្រូវបានក្រសួងការពារជាតិប្រាប់ថា ការងារបានចាប់ផ្តើមហើយ។ លោកនិយាយថា នៅថ្ងៃពុធនេះជាថ្ងៃចាប់ផ្តើមគម្រោងដែលត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់ក្នុងរយៈពេល៩ឆ្នាំនិង៣ខែ។ លោក រំពឹងថាកិច្ចពិភាក្សារវាងរដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលខេត្តអូគីណាវ៉ា ជុំវិញគម្រោងសាងសង់ នឹងបន្តធ្វើដោយសមស្រប ប៉ុន្តែការងារដែលបានចាប់ផ្តើមនៅថ្ងៃពុធនេះ គឺនៅខាងក្រៅកិច្ចពិភាក្សា។ នៅពេលសួរអំពី ថាតើគម្រោងនេះចាំបាច់ឬទេ ក្នុងពេលមានការប្រឆាំងពីខេត្ត នោះលោកHayashi បាននិយាយថា រដ្ឋាភិបាលជឿថាការផ្លាស់ប្តូរមូលដ្ឋានថ្មីកងទ័ពអាមេរិក ទៅកាន់តំបន់ Henoko គឺជាដំណោះស្រាយតែមួយគត់ដើម្បីអនុញ្ញាតឱ្យមានការដោះដូរមូលដ្ឋាន Futenma និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅក្នុងតំបន់ជិតខាង។
លោកនិយាយថា រដ្ឋាភិបាលនឹងបន្តប្រាប់លម្អិតដល់ប្រជាជនក្នុងតំបន់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយបន្ទុករបស់ខេត្តក្នុងការធ្វើជាម្ចាស់ផ្ទះមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក។