
មន្ទីរពេទ្យទូទៅ Suzu នៅក្នុងទីក្រុង Suzu ដែលត្រូវបានកំណត់ថាជាមន្ទីរពេទ្យឆ្លើយតបគ្រោះមហន្តរាយ សម្រាប់ខេត្ត Ishikawa កំពុងទទួលអ្នករងរបួស ចាប់តាំងពីរញ្ជួយដីកាលពីថ្ងៃចូលឆ្នាំថ្មី បានវាយប្រហារ ដោយបានបំផ្លាញលំនៅឋានជាច្រើនខ្នង។
ប៉ុន្តែមន្ទីរពេទ្យមួយនេះនិយាយថា មន្ទីរពេទ្យខ្វះទឹក និងអាហាររូបត្ថម ព្រមទាំងគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យផ្សេងទៀត។ ជាលទ្ធផល ពេលនេះមន្ទីរពេទ្យត្រូវបានបង្ខំឱ្យផ្ទេរអ្នកជំងឺកំពុងព្យាបាល រយៈពេលយូរមួយចំនួនរបស់ខ្លួនទៅកាន់មន្ទីរពេទ្យផ្សេងទៀត។ ការផ្ទេរនេះបានអនុវត្តចំពោះអ្នកជំងឺប្រហែល ៧០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាអ្នកស្ថិតក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរ។ ពួកគេនឹងត្រូវបានផ្ទេរម្តងម្នាក់ៗ ដោយប្រើរថយន្តសង្គ្រោះបន្ទាន់ និងឧទ្ធម្ភាគចក្រ។
លោក Ishii Kazukimi នាយកប្រតិបត្តិមន្ទីរពេទ្យទូទៅ Suzu បាននិយាយថា មន្ទីរពេទ្យ បានសម្រេច ផ្ទេរអ្នកជំងឺទាំងនេះ ទៅកាន់ទីក្រុង Kanazawa ។ ចំណាត់ការនេះ គឺចាំបាច់សម្រាប់រក្សាប្រតិបត្តិការមន្ទីរពេទ្យរយៈពេលយូរ ដោយសារកង្វះការផ្គត់ផ្គង់អាហារ និងទឹក ឲ្យមានស្ថេរភាព។
ទីក្រុងនេះ មានប្រជាជនចាស់ជរាច្រើន ហើយមនុស្សជាច្រើនទៀតអាចត្រូវការការថែទាំសុខភាព ប្រសិនបើពួកគេស្នាក់នៅក្នុងមណ្ឌលជម្លៀសរយៈពេលយូរ។ លោក Ishii បាននិយាយថា លោកចង់ធ្វើឱ្យប្រាកដថា លោកអាចទទួលយកអ្នកជំងឺទាំងនេះបាន។
យ៉ាងហោចណាស់មនុស្ស ២០៣នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងខេត្ត Ishikawa ហើយ ៦៨ នាក់នៅបាត់ខ្លួននៅឡើយ ដោយមហន្តរាយរញ្ជួយដី។