
ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប បានតម្រង់ជួរអស់រយៈពេលរាប់ម៉ោងនៅមុខផ្ទះបាយធ្វើស៊ុប សម្រាប់ស៊ុបសណ្តែកមួយចាន ដោយសង្ឃឹមថានេះនឹងល្មមគ្រប់គ្រាប់ដើម្បីចំណែតក្រពះ បំបាត់ការស្រេកឃ្លានរបស់ពួកគេមួយភ្លែត ។
ក្រុមស្ម័គ្រចិត្តនិយាយថា ចំនួនកើនឡើងនៃជនភៀសខ្លួនដែលកំពុងសម្រុកធ្វើដំណើរមកកាន់ទីក្រុង Rafah ក៏ដូចជាតម្លៃខ្ពស់របស់ស្បៀង និងកង្វះខាតម្ហូប ធ្វើឲ្យពួកគេមិនអាចតែម្តងក្នុងការរក្សាតម្រូវការចំណីអាហារដល់ពលរដ្ឋជម្លៀសខ្លួន ។
មុនពេលសង្រ្គាមផ្ទុះឡើង ក្រុមសប្បុរសធម៌ចែកចាយស្បៀងអាហារក្រុង Rafah ប្រតិបត្តិការតែ ២លើកគត់ក្នុង១ សប្តាហ៍ ប៉ុន្តែបច្ចុប្បន្នពួកគេប្រតិបត្តិការរាល់ថ្ងៃ ដោយចំអិនស៊ុបសណ្តែក ឬប៉ាស្តាចំនួន ១៥ខ្ទះធំៗ ។
ក្រុមស្ម័គ្រចិត្តនិយាយថា ប៉ុន្តែនេះនៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់មនុស្សជម្លៀសខ្លួនរាប់ពាន់នាក់នៅទីក្រុង Rafah ។
លោក Mohammed Daloul គឺជាអ្នកសម្របសម្រួលកម្មវិធីចំអិនអាហារសម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួន និយាយថា ពួកយើងផ្តល់អាហារ ១ចានក្នុង១គ្រួសារមានគ្នា ១៥នាក់ ។ វាមិនអាចទៅរួចនោះទេដែលបរិមាណអាហារតិចតួចបែបនេះ នឹងគ្រប់គ្រាន់សម្រាប់គ្រួសារមានគ្នា ១៥នាក់នោះ អាហារមួយចាន មិនគ្រប់ទេសម្រាប់គ្រួសារទាំងនេះ ។
លោកបន្តថា នេះជាលទ្ធភាពរបស់ពួកយើង ពួកយើងមិនអាចផ្តល់ច្រើនជាងនេះបានទេ ។ ពួកយើងសង្ឃឹមថា នៅថ្ងៃខាងមុខ តម្លៃអាហារនឹងធ្លាក់ចុះដើម្បីឲ្យពួកយើងអាចផ្តល់អាហារច្រើនជាងនេះ ដល់ជនប៉ាឡេស្ទីនដែលបានជម្លៀសខ្លួន ។
សូមបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ២៣.០០០នាក់ បំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្រ្ទីប ស្ទើតែទាំងស្រុង ហើយនិងជម្លៀសមនុស្សភាគច្រើននៃចំនួនពលរដ្ឋ ២,៣លាននាក់នៅក្នុងដែនដីបិទច្រកមួយនេះ ជាហេតុធ្វើឲ្យកើតមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត ៕