
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន៤៧ បានថ្កោលទោសការផ្គត់ផ្គង់មីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង ដល់ប្រទេសរុស្ស៊ី។
សេចក្តីថ្លែងការណ៍នោះ ត្រូវបានចុះហត្ថលេខាជាពិសេសដោយតំណាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ កាណាដា និងសហភាពអឺរ៉ុប។
ការបញ្ជូនអាវុធទាំងនេះ បង្កើនការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន គាំទ្រដល់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី និងធ្វើឲ្យខូចដល់របបមិនរីកសាយភាយជាសកល។ ការប្រើប្រាស់មីស៊ីលបាលិស្ទិកកូរ៉េខាងជើងរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ផ្តល់នូវការយល់ដឹងផ្នែកបច្ចេកទេស និងយោធាដ៏មានតម្លៃដល់កូរ៉េខាងជើងផងដែរ។
ករណីនេះ ត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា បញ្ជូនមីស៊ីលបាលិស្ទិករួមជាមួយនឹងសព្វាវុធ និងសម្ភារៈពាក់ព័ន្ធផ្សេងទៀតពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី បានរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន។
រដ្ឋមន្ត្រីទាំងអស់ បានអំពាវនាវឲ្យកូរ៉េខាងជើង និងរុស្ស៊ី គោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពាក់ព័ន្ធ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលបំពានលើពួកវាទាំងនោះ។