ភ្នំពេញ ៖ នាទីសី្តការក្រសួង រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់អង្គការសុខភាពពិភពលោក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើបា្រស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល រួមជាមួយលោកស្រី វេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។
អំណោយប្រគល់ជូននាពេលនេះ ជាជំនួយឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត រួមមាន៖ ម៉ាស N95 ចំនួន៧០.០០០ម៉ាស, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៣៦០គ្រឿង, ឱសថ Dexamethasone ចំនួន១៩.០០០ប្រអប់ និងម៉ាស៊ីនភ្លើង ចំនួន២៥គ្រឿង ដែលសរុបជាទឹកប្រាក់ចំនួន៦៥៨,០០០ដុល្លារអាមេរិក។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោកទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលតែងតែជួយឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃវីរុសកូវីដ-១៩ ឲ្យបានកាន់តែឆាប់រហ័ស៕អត្ថបទ ៖ រដ្ឋា




