
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye កាលពីថ្ងៃអង្គារ បានជំរុញភាគីន័រវែសនិងសហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ចេញរាល់ចំនួនដែលកាត់ដោយខុសច្បាប់ពីចំណូលពន្ធដែលខ្លួនបានប្រមូលសម្រាប់អាជ្ញាធរប៉ាឡេស្ទីន(PA)។
ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានធ្វើការអធិប្បាយ នេះ ខណៈពេលដែលបានទទួលលោកHilde Haraldstad តំណាងពិសេសរបស់រដ្ឋាភិបាលន័រវែសប្រចាំនៅមជ្ឈិមបូព៌ា នៅក្នុងនៅទីក្រុងរ៉ាម៉ាឡា (Ramallah)។
លោក Ishtaye បាននិយាយថា ការកាត់យកមូលនិធិដែលបានបែងចែកទៅឲ្យតំបន់ហ្កាហ្សាស្ទ្រីប ពីចំណូលពន្ធប៉ាឡេស្ទីន គឺជា «ការសម្រេចចិត្តផ្នែកនយោបាយ» ក្នុងគោលបំណងបន្តការប៉ុនប៉ង ដើម្បីបំបែកតំបន់វេសបែងចេញពីតំបន់ហ្កាហ្សា។
លោកបានជំរុញប្រទេសម្ចាស់ជំនួយឲ្យផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប៉ាឡេស្ទីន ដើម្បីជួយដែនដីនេះឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន។
កាលពីថ្ងៃចន្ទ ទីស្តីការគណៈរដ្ឋមន្ត្រីរបស់អាជ្ញាធរប៉ាឡេស្ទីន បានសម្រេចចាត់ចែងកិច្ចការសាធារណៈថា ស្ថិតក្នុងភាពអាសន្ន រៀបចំថវិកា និងសកម្មភាពរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៤ ក្រោមកាលៈទេសៈទាំងនេះ ដើម្បីធានាការបន្តផ្តល់សេវារបស់អាជ្ញាធរនេះ ដល់ប្រជាពលរដ្ឋ។