
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន( Hossein Amir-Abdollahian) និងសមភាគីរុស្ស៊ីលោកសឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសមុទ្រក្រហមចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅទូទាំងតំបន់។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ លោករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយនៃជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីប និងបញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រួមទាំងការបញ្ចប់សន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់។
លោក អាមីរ៉ាប់ឌូឡាហៀន បាននិយាយថា ការវិវឌ្ឍនៅសមុទ្រក្រហមមានទំនាក់ទំនងគ្នាជាមួយស្ថានភាពនៅតំបន់ហ្កាហ្សា និងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចំពោះប៉ាឡេស្ទីន ខណៈពេលដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាសន្តិសុខដឹកជញ្ជូនអន្តរជាតិ។
ប្រមុខការទូតអ៊ីរ៉ង់រូបនេះ ក៏បានលើកឡើងពីភាពចាំបាច់ ដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្កាហ្សា និងការសម្លាប់ប្រជាជនប៉ាឡេស្ទីនដែល«ត្រូវគេគាបសង្កត់»។
សម្រាប់ផ្នែករបស់ខ្លួន លោកឡាវរ៉ូវ បានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ ចំពោះការវាយប្រហារ «ភេរវកម្ម» នៅទីក្រុង Kerman ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៣ ខែមករា ដែលបានសម្លាប់មនុស្សជាង ៩០ នាក់ និងជាច្រើននាក់ទៀត រងរបួស។