
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានធ្វើដំណើរទៅដល់ប្រទេសលីទុយអានីហើយ នៅថ្ងៃពុធ (ទី១០ ខែមករា) នេះ ដែលជាការចាប់ផ្តើមដំបូងនៃដំណើរទស្សនកិច្ចទៅកាន់រដ្ឋនៅតំបន់បាល់ទិកចំនួន៣ ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់ប្រទេសលោកជាមួយរុស្ស៊ី និងផែនការរបស់ទីក្រុងគីវ ក្នុងការចូលរួមជាមួយអង្គការណាតូ និងសហភាពអឺរ៉ុប។
ដោយប្រកាសពីការទៅដល់របស់លោកនៅលើបណ្ដា្សង្គម X (ពីមុនជា Twitter) លោក Zelenskiy បាននិយាយថា លោកនឹងបន្តទៅប្រទេសឡាតវី និងអេស្តូនី នៅប៉ុន្មានថ្ងៃខាងមុខនេះ។ រដ្ឋនៅតំបន់បាល់ទិកទាំង៣ នេះ គឺជាសមាជិកនៃសហភាពអឺរ៉ុប និងសម្ព័ន្ធភាពយោធាណាតូ។
លោក Zelenskiy និងប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda គ្រោងនឹងជួបពិភាក្សាគ្នានៅល្ងាចថ្ងៃពុធនេះ។ ការិយាល័យរបស់លោក Nauseda បានឲ្យដឹងថា មេដឹកនាំអ៊ុយក្រែនក៏នឹងថ្លែងសុន្ទរកថាជាសាធារណៈផងដែរ។
លោក Zelenskiy បានធ្វើដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុងវីលនីញូស ដែលជាអ្នកគាំទ្រដ៏ស្មោះត្រង់ចំពោះទីក្រុងគីវ ខណៈដែលខួបលើកទី២ នៃការលុកលុយទាំងស្រុងរបស់រុស្ស៊ីលើអ៊ុយក្រែនខិតជិតមកដល់៕