
នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas នៅតំបន់កាន់កាប់វ៉េសប៊ែងរបស់អ៊ីស្រាអែល ក្រោយពេលជំរុញក្រុមមេដឹកនាំអ៊ីស្រាអែលឲ្យផ្តល់ផ្លូវសម្រាប់រដ្ឋប៉ាឡេស្ទីន ។
ដំណើរទស្សនកិច្ចនេះ បានកើតឡើងរយៈពេល ១ថ្ងៃក្រោយកិច្ចប្រជុំកាលពីថ្ងៃអង្គារជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងគណៈរដ្ឋមន្រ្តីសង្រ្គាមរបស់លោក ពាក់ព័ន្ធនឹងសង្រ្គាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ ភាពតានតឹងក្នុងតំបន់ និងអនាគតជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ។
លោក Blinken នឹងពិភាក្សាជាមួយលោក Abbasពីលទ្ធភាពរបស់អាជ្ញាធរប៉ាឡេស្ទីនក្នុងការធ្វើកំណែទម្រង់ខ្លួនឯង និងធ្វើឲ្យល្អប្រសើរឡើងអភិបាលកិច្ចរបស់ពួកគេ ហើយលោកនឹងឆ្លុះបញ្ចាំងទស្សនៈរបស់ទីក្រុងវ៉ាស៊ីងតោនថា លោក Abbasវ័យ ៨៨ឆ្នាំ ត្រូវការកែលម្អការរៀបចំ ជាការត្រៀមធ្វើអភិបាលកិច្ចតំបន់ហ្គាហ្សានៅក្រោយសង្រ្គាម ។
ខណៈពេលនោះដែរ ជនប៉ាឡេស្ទីននៅទីក្រុង Ramallah បាននាំគ្នាតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក Blinken និងស្រែកពាក្យស្លោកប្រឆាំងអាមេរិក ប៉ុន្តែពួកគេត្រូវបានរុញច្រានទៅវិញដោយកងកម្លាំងនគរបាល មិនឲ្យទៅដល់ការិយាល័យរបស់លោក Abbasជាកន្លែងដែលជំនួបធ្វើឡើង ៕