ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម ពិភាក្សាការងារ និងការជម្រាបលារបស់លោកជំទាវ Eva Nguyen Binh(អ៊ីវ៉ា ង្វៀន ប៉ិញ)អគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូត ជាមួយនិងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នាទីសី្តការក្រសួងរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈមនី្ទរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាភាគីទាំងពីរ បានប្តេជ្ញារួមគ្នារុករក និងវិភាគរកមេរោគកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩បំលែងថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៅកម្ពុជា។
លោកជំទាវ Eva Nguyen Binh បានអរគុណដល់ប្រទេសកម្ពុជា ដែលបានផ្តល់ភាពកក់ក្តៅ និងបានផ្តល់នូវកិច្ចសហប្រតិបតិ្តការល្អ ទ្វេរភាគីរវាងសាធារណរដ្ឋបារាំង ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ និយាយដោយឡែកនៅក្នុងវិស័យសុខាភិបាលនេះ លោកជំទាវ បានផ្តោតទៅលើកិច្ចការមួយចំនួន ដោយពាក់ព័ន្ធទៅនឹងការងារអប់រំ និងការបណ្តុះបណ្តាលនិសិ្សតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើវិស័យសុខាភិបាល ដោយបានបញ្ជូននិសិ្សតទៅសិក្សានៅសាធារណរដ្ឋបារាំង លើជំនាញផ្សេងៗ។ ជាពិសេសផ្តោតលើមនី្ទរពិសោធន៍ ដែលមានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ដូច្នេះសូមស្តាប់ប្រសាសន៍របស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស ប្រាប់បណ្តាញអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារ យ៉ាងដូច្នេះថា....សម្លេងលោកជំទាវ ឱ វណ្ណឌីន យកជាង០១នាទី....(sound 01)
ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋបារាំង និងលោកជំទាវ អគ្គរដ្ឋទូតផ្ទាល់តែម្តង ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងផ្តល់នូវការគាំទ្រទៅដល់វិស័យសុខាភិបាលប្រទេសកម្ពុជា និងក្នុងបរិបទប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក៏មានការសហការគ្នា ក្នុងការជម្រុញគាំទ្របច្ចេកទេស ដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍បានល្អប្រសើរ ក៏ដូចជាការងារឆ្លើយតប និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ ៖ រដ្ឋា



