
នៅថ្ងៃពុធនេះ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូដែលពួកគេនិយាយថា គឺជាសកម្មភាពសឹក និងការវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាស់នៅទីក្រុង Khan Younis តំបន់ហ្គាហ្សា ។
នៅក្នុងវីដេអូនេះ ឃើញទាហានបាញ់កាំភ្លើង និងការផ្ទុះគ្រាប់ចេញពីអគារ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យទីតាំង ឬកាលបរិច្ឆេតនៃការថតវីដេអូបាននោះឡើយ ។
ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ភាគខាងត្បូង និងតំបន់ភាគកណ្តាលហ្គាហ្សា បានកើនឡើងនៅថ្ងៃពុធនេះ បើទោះបីជាមានការសន្យាពីអ៊ីស្រាអែលថា ពួកគេនឹងដកទ័ពមួយចំនួនចេញ និងផ្លាស់ប្តូរទៅកាន់យុទ្ធនាការផ្សេងទៀត ។
កងកម្លាំងការពារអ៊ីស្រាអែល បានធ្វើបច្ចុប្បន្នភាពលើបណ្តាញព័ត៌មានសង្គម Xអតីតបណ្តាញព័ត៌មានសង្គម Twitterថា ក្រុមសកម្មប្រយុទ្ធ ត្រូវបានសម្លាប់ នៅក្នុងការវាយលុកថ្មើរជើង ដែលដឹកនាំដោយទាហានឆត្រយោងនៃកងពលលេខ ៩៨ របស់កងទ័ពអ៊ីស្រាអែល ចូលទៅកណ្តាលទីក្រុងហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលក្នុងនោះ អាវុធជាច្រើនប្រភេទ និងកំណាត់ផ្លូវរូងក្រោមដីសំខាន់ៗ ត្រូវបានរកឃើញនៅទីនោះ ៕