ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទាមទារកាលពីថ្ងៃពុធ ទី១០ មករា ឱ្យបញ្ចប់ជាបន្ទាន់ចំពោះការវាយប្រហារដោយពួកឧទ្ទាមហ៊ួទី (Houthi) របស់ប្រទេសយេម៉ែនលើការដឹកជញ្ជូននៅសមុទ្រក្រហម។
សេចក្ដីសម្រេចនេះបានអនុម័ត ដោយទាមទារឱ្យក្រុមឧទ្ទាមហ៊ួទីបញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារទាំងនេះ ដែលរារាំងពាណិជ្ជកម្មពិភពលោក និងប៉ះពាល់ដល់សិទ្ធិ និងសេរីភាពនាវាចរណ៍ ព្រមទាំងសន្តិភាព និងសន្តិសុខក្នុងតំបន់។ សេចក្ដីសម្រេចនេះ ត្រូវបានអនុម័តបន្ទាប់ពីរុស្ស៊ី ចិន ម៉ូហ្សំប៊ិក និងអាល់ហ្សេរី អនុបវាទ។

ការវាយប្រហារកាន់តែខ្លាំង បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់នានាធ្វើដំណើរផ្លូវផ្សេង ដោយងាកទៅធ្វើដំណើរតាមផ្លូវទឹក Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលត្រូវបន្ថែមពេលវេលា និងការចំណាយយ៉ាងច្រើនក្នុងការធ្វើដំណើរ។
អង្គការសហប្រជាជាតិ បាននិយាយថ្មីៗនេះថា ខ្លួននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសមុទ្រក្រហម មិនត្រឹមតែស្ថានភាពនៅក្នុងសមុទ្រនោះប៉ុណ្ណោះទេ ថែមទាំងហានិភ័យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោកទៀតផង។

យោងតាមអត្ថបទដែលសារព័ត៌មាន AFP ទទួលបាន សេចក្ដីសម្រេចនេះ ថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុតចំពោះការវាយប្រហាររបស់ក្រុមហ៊ួទីយ៉ាងហោចណាស់ជាង ២០លើក លើនាវាជំនួញ និងនាវាពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ មក នៅពេលក្រុមឧទ្ទាមហ៊ួទី បានវាយប្រហារ និងរឹបអូសយក នាវា Galaxy Leader និងក្រុមនាវិក៕
